អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីអត្ថន័យ និងគោលបំណងនៃការចូលរួមរបស់លោក Luong Cuong ប្រធានរដ្ឋក្នុងសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចការងាររបស់លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមានអត្ថន័យពិសេសដោយមានគោលបំណងជាច្រើនទាំងទ្វេភាគី និងពហុភាគី។ នៅកម្រិតពហុភាគីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ត្រូវនឹងការរំលឹកខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ និងការខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្ម សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទូលំទូលាយ និងប្រសិទ្ធភាព។

leftcenterrightdel
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស

តាមរយៈដំណើរបំពេញទស្សនកិច្ចនេះ លោកប្រធានរដ្ឋបញ្ជូនសារអំពីតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ចូលរួមយ៉ាងសកម្ម រួមចំណែកជាវិជ្ជមាន និងជាក់ស្តែងដល់សកម្មភាព និងអាទិភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ច លោកប្រធានរដ្ឋក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំប្រទេស និងដៃគូជាច្រើន ដើម្បីរក្សា និងជំរុញទំនាក់ទំនងជាមួយប្រទេសនានាឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោកប្រធានរដ្ឋនឹងចូលរួមសម័យប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ និងថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងកិច្ចពិភាក្សាទូទៅថ្នាក់ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០  និងព្រឹត្តិការណ៍ថ្នាក់ជាន់ខ្ពស់ជាសកលពិសេសស្តីពីបម្រែបម្រួលអាកាសធាតុ។

នៅកម្រិតទ្វេភាគី ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ភាគីទាំងពីរនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃទំនាក់ទំនង រួមមានការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ពង្រឹងទំនុកចិត្តខាងនយោបាយ និងជំនឿយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងនៅលើពិភពលោក។

លោកប្រធានរដ្ឋនឹងមានជំនួបជាមួយថ្នាក់ដឹកនាំអាមេរិក តំណាងអង្គភាពអាជីវកម្ម អង្គការហិរញ្ញវត្ថុ ដៃគូយូរអង្វែង អ្នកប្រាជ្ញឈានមុខគេ និងធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅទីក្រុងញូវយ៉ក ដើម្បីអះអាងនូវគោលនយោបាយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីការរួមចំណែករបស់វៀតណាមចំពោះអង្គការសហប្រជាជាតិ? តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកយ៉ាងដូចម្តេច?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិបានក្លាយទៅជាដៃគូដ៏រឹងមាំ។ អង្គការសហប្រជាជាតិតែងតែរួមដំណើរ និងផ្តល់ជំនួយដ៏មានតម្លៃដល់វៀតណាម។

ទន្ទឹមនឹងនោះ វៀតណាមម្ចាស់ការ និងរួមចំណែកកាន់តែខ្លាំងឡើង និងទូលំទូលាយលើគ្រប់វិស័យនៃប្រតិបត្តិការ និងអាទិភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ។

វៀតណាមក៏សម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្ស និងកំពុងអនុវត្តយ៉ាងសកម្មរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ វៀតណាមជាប្រទេសនាំមុខគេក្នុងកំណែទម្រង់របស់អង្គការសហប្រជាជាតិ ដោយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើម "ព្រមព្រៀងសកម្មភាព" ហើយបច្ចុប្បន្នស្ថិតក្នុងចំណោមក្រុមប្រទេសអនុវត្តភាពជាដៃគូធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាអាទិភាពដ៏សំខាន់របស់អង្គការសហប្រជាជាតិ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានកាន់តំណែងសំខាន់ៗជាច្រើនក្នុងទីភ្នាក់ងារនាំមុខគេរបស់អង្គការសហប្រជាជាតិស្តីពីសន្តិភាព សន្តិសុខ ច្បាប់ ធានាការលើកកម្ពស់សិទ្ធិមនុស្ស និងវប្បធម៌។ គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង ១០ ឆ្នាំនៃការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វៀតណាមបានបញ្ជូនកម្មាភិបាល និងយុទ្ធជនជិត ១,៥០០ នាក់ទៅចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនៅតំបន់ Abyei រវាងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង ដែលស្ត្រីមានចំនួន ១៦% លើសពីគោលដៅរបស់អង្គការសហប្រជាជាតិ។វៀតណាមក៏មានកម្មាភិបាលជាច្រើនដែលកំពុងចូលរួមបម្រើការងារ និងរួមចំណែកដ៏ល្អនៅក្នុងការិយាល័យ និងលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ ហើយទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ។

ក្នុងបរិបទដែលពហុភាគីនិយម និងអង្គការសហប្រជាជាតិកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន វៀតណាមត្រូវបានគេរំពឹងថានឹងជាដៃគូសកម្មជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអង្គការសហប្រជាជាតិ ដើរតួនាទីជាមជ្ឈភាព ហើយត្រូវបានចាត់ទុកថាជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិ។

ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ២ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម និងអាមេរិក សម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យជាច្រើន ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយជាគំរូនៃកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារ ជំនះអតីតកាល និងឆ្ពោះទៅអនាគតក្នុងទំនាក់ទំនងអន្តរជាតិ។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរពីសំណាក់អ្នកនយោបាយ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-អាមេរិក បានអភិវឌ្ឍដោយឥតឈប់ឈរ និងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើនលើគ្រប់វិស័យ។

លើវិស័យនយោបាយ ទំនាក់ទំនង វៀតណាម-អាមេរិក ត្រូវបានជំរុញដោយឥតឈប់ឈរតាមរយៈដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងការផ្លាស់ប្តូរនយោបាយ រួមទាំងដំណើរទស្សនកិច្ច (ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ និងកិច្ចប្រជុំកំពូលស្តីពីអនាគត) របស់ To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ក្នុងខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចសន្ទនាតាមទូរស័ព្ទចំនួន ៤ លើករវាងថ្នាក់ដឹកនាំប្រទេសទាំងពីរចាប់ពីខែកញ្ញា ឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ។ ក្នុងការផ្លាស់ប្តូរ និងការជួបជុំ ភាគីអាមេរិកវាយតំលៃខ្ពស់ចំពោះកិត្យានុភាព និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាមដោយបញ្ជាក់ឡើងវិញនូវកិច្ចសន្យារបស់ខ្លួនក្នុងការគាំទ្រវៀតណាម “ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព”។

ភាគីទាំងពីរកំពុងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំងដោះស្រាយយ៉ាងល្អនូវបញ្ហាពន្ធបដិកា។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី ១០០ ពាន់លានដុល្លារអាមេរិក។

ភាគីទាំងពីរក៏កំពុងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា ជាពិសេសលើវិស័យនាពេលអនាគតដូចជា សារធាតុ semiconductor និងបញ្ញាសិប្បនិម្មិត។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តអភិវឌ្ឍ ជាពិសេសក្នុងការយកជំនះពុះពារផលវិបាកដោយសារសង្គ្រាម និងសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមានជាច្រើន។

លើឆាកអន្តរជាតិ វៀតណាម និងសហរដ្ឋអាមេរិកសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសយន្តការអាស៊ាន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ វៀតណាមស្វាគមន៍សហរដ្ឋអាមេរិកក្នុងការរក្សាចំណាប់អារម្មណ៍របស់ខ្លួន និងអនុវត្តគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការជាក់លាក់ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងតួនាទីរបស់វៀតណាមក្នុងវេទិកាតំបន់ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

ភាគីទាំងពីរក៏នឹងបន្តពិភាក្សាយ៉ាងសកម្មអំពីបញ្ហានៃភាពខុសគ្នាក្នុងស្មារតីស្មោះត្រង់ និងស្ថាបនា។

ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋ នឹងទទួលបានជោគជ័យទាំងក្នុងកម្រិតពហុភាគី និងទ្វេភាគី ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះតួនាទី កិត្យានុភាព ការរួមចំណែកជាវិជ្ជមាន និងជាក់ស្តែងរបស់វៀតណាម ក្នុងការដោះស្រាយបញ្ហាសកល ក៏ដូចជាជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងវៀតណាមជាមួយប្រទេសដទៃទៀត ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang