រដ្ឋសភាវៀតណាមបន្តប្រកៀកស្មានឹង AIPA ដើម្បីធ្វើឲ្យចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់អាស៊ានក្លាយជាការពិត
កប.អនឡាញ - វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍។
“រដ្ឋសភាវៀតណាមបន្តប្រកៀកស្មាជាមួយ AIPA ដើម្បីធ្វើឱ្យចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់អាស៊ានក្លាយជាការពិត”។ នេះជាសារមួយដែលត្រូវបានលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមសង្កត់ធ្ងន់ក្នុងសុន្ទរកថារបស់ខ្លួននារសៀលថ្ងៃទី១៨ ខែកញ្ញា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ (AIPA) ដែលប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត AIPA លើកទី៤៦ |
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំនោះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានឲ្យដឹងថា ក្រោមប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិងកំពុងសម្រេចបានលទ្ធផលសំខាន់ និងរឹងមាំក្នុងការរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់វិបុលភាពក្នុងតំបន់។ ដោយសមស្របនឹងប្រធានបទរបស់អាស៊ាននោះ ប្រធានបទ AIPA-46 គឺ "សភានៅជួរមុខសម្រាប់អាស៊ានមានកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព" បានបង្ហាញយ៉ាងច្បាស់ថា ស្ថាប័ននីតិប្បញ្ញត្តិកំពុងលើកកម្ពស់តួនាទីត្រួសត្រាយរបស់ខ្លួនក្នុងការកសាងអនាគតមួយដែលមានឱកាសអភិវឌ្ឍន៍ និងវិបុលភាពសម្រាប់ប្រជាជនអាស៊ានទាំងអស់។
ក្នុងបរិបទនៃស្ថានការណ៍តំបន់ និងសកលលោកដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដើម្បីបន្តលើកកំពស់តួនាទីពិសេស និងភាពខ្លាំងនៃការទូតសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានស្នើថា៖ “AIPA ត្រូវយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ AIPA ចាំបាច់ត្រូវបន្តនាំមុខគេក្នុងការកសាងយន្តការ គោលនយោបាយដើម្បីជម្រុញការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងក្នុងតំបន់ឱ្យបានអនុវត្តជាក់ស្តែង ជាពិសេសក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល”។
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា ក្នុងដំណើរការថ្មីនេះ រដ្ឋសភាវៀតណាមនឹងបន្តប្រកៀកស្មាជាមួយ AIPA ដើម្បីប្រែក្លាយចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់អាស៊ានឲ្យក្លាយជាការពិត។ ទន្ទឹមនឹងនោះ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ បង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ខ្លួនទីពឹងខ្លួន និងយកប្រជាជនជាស្នូល៕
បកប្រែដោយ Duy Hoan