លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ គឺជាឆ្នាំមានអត្ថន័យពិសេសក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាម និងឥណ្ឌូនេស៊ីកំពុងឆ្ពោះទៅរកការប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ១៩៥៥ / ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥)។ គួរកត់សម្គាល់ថា ក្នុងខែមីនា ឆ្នាំ២០២៥ វៀតណាម និងឥណ្ឌូនេស៊ីបានតម្លើងទំនាក់ទំនងទ្វេភាគីជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ធ្វើជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-ឥណ្ឌូនេស៊ី លើកទី៤

លោកឧត្តមសេនីយ៍ទោ Tri Budi Utomo បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឥណ្ឌូនេស៊ី និងវៀតណាម ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភមួយ។  លោកឧត្តមសេនីយ៍ទោ Tri Budi Utomo បានអះអាងថា ឥណ្ឌូនេស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-ឥណ្ឌូនេស៊ី លើកទី៤ កិច្ចប្រជុំក្រុមការងារចម្រុះស្តីពីកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិលើកទី៦ និងកិច្ចប្រជុំក្រុមការងារចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិលើកទី៤ រវាងភាគីទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Tri Budi Utomo នៅឯកិច្ចសន្ទនា

ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្ត គ្រប់ជ្រុងជ្រោយ ជាក់ស្តែង ដោយផ្តោតលើវិស័យដូចជា៖ រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដើម្បីពិគ្រោះយោបល់ និងចែករំលែកអំពីបញ្ហាយុទ្ធសាស្ត្រ និងទិសដៅសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិដ៏គួរឱ្យទុកចិត្ត ទូលំទូលាយ និងជាក់ស្តែង ជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាកិច្ចសន្ទនាគោលនយោបាយការពារជាតិ ការពិគ្រោះយោបល់រវាងអង្គភាពទ័ពនានា បន្តយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

នៅកិច្ចសន្ទនា ភាគីទាំងពីរបានចែករំលែកអំពីសារៈសំខាន់នៃការធានាសេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញកិច្ចសន្យា និងការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

leftcenterrightdel
គណៈប្រតិភូទាំងពីរថតរូបទុកជាអនុស្សាវរីយ៍

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌូនេស៊ីលើកទី៤។

* នាថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារជាតិឥណ្ឌូនេស៊ី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកឧត្តមសេនីយ៍ទោ Donny Ermawan អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនលោកឧត្តមសេនីយ៍ទោ Donny Ermawan អំពីលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-ឥណ្ឌូនេស៊ី លើកទី៤ ដែលក្នុងនោះ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារសំខាន់ៗជាច្រើនក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា លោក Donny Ermawan អនុរដ្ឋមន្ត្រី នឹងយកចិត្តទុកដាក់ គាំទ្រ និងជំរុញការអនុវត្តទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ឥណ្ឌូនេស៊ីឲ្យកាន់តែជាក់ស្តែង ព្រមទាំងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ពជើងទឹក ទ័ពជើងអាកាស កងឆ្មាំសមុទ្រ និងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល។ល។ ជាពិសេសកិច្ចសហប្រតិបត្តិការលើសន្តិសុខសមុទ្រ ការជួយឧបត្ថម្ភអ្នកនេសាទ ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្ររវាងភាគីទាំងពីរ... ចាំបាច់ត្រូវលើកកំពស់នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang