ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលីឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត
កប.អនឡាញ - នាព្រឹកថ្ងៃទី ៣០ ខែមករា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកឧត្តមនាវីទោ Mark Hammond មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី ក្នុងឱកាសលោកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយអូស្ត្រាលី។ ការដែលប្រទេសទាំងពីរតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវការនៅខែមីនា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជួបពិភាក្សាជាមួយលោកឧត្តមនាវីទោ Mark Hammond |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ អនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
នាពេលខាងមុខ ដោយផ្អែកលើការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ពបន្ថែមទៀត រួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មាន និងបទពិសោធន៍; ការស្វែងរក និងជួយសង្គ្រោះ។ល។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអញ្ជើញថ្នាក់ដឹកនាំនៃកងកម្លាំងការពារជាតិ និងកងទ័ពជើងទឹកអូស្ត្រាលី រួមជាមួយអង្គភាពអាជីវកម្មការពារជាតិអូស្ត្រាលី មកកាន់វៀតណាមដើម្បីចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិលើកទី ៣ ដែលគ្រោងនឹងត្រូវបានធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦។
រីឯលោកឧត្តមនាវីទោ Mark Hammond មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះប្រទេសវៀតណាមក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក។ លោកឧត្តមនាវីទោ Mark Hammond ជឿជាក់ថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដ៏សំខាន់ និងជាប្រវត្តិសាស្ត្រមួយ ដោយបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរនិយាយរួម និងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក។ ដោយហេតុនោះ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែអភិវឌ្ឍ និងមានប្រសិទ្ធភាពថែមទៀត៕
បកប្រែដោយ Huyen Trang