នៅក្នុងជំនួបធ្វើការទាំងនេះ លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមនឹងបន្តកសាងក្របខ័ណ្ឌច្បាប់ បង្កើតបរិយាកាសអំណោយផល និងលើកទឹកចិត្តអង្គភាពអាជីវកម្មស្វីសបង្កើនការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសវៀតណាម។ លោកបានសង្កត់ធ្ងន់ថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្វីស និងប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំ ២០២៦ នាពេលឆាប់ៗ ដោយបំពេញតាមបំណងប្រាថ្នារបស់អង្គភាពអាជីវកម្មនៅក្នុងប្រទេសទាំងពីរ រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងស្វីស។

leftcenterrightdel
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារ Sygnum (រូបថត៖ baochinhphu.vn)

លោកស្រី Petra Tschudin ទេសាភិបាលរងធនាគារកណ្តាលស្វីស បានចែករំលែកបទពិសោធន៍ក្នុងការធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាព ការគ្រប់គ្រងទុនបម្រុងប្តូរប្រាក់បរទេស ទ្រព្យសកម្មជាតិ និងការគ្រប់គ្រងធនាគារឌីជីថលប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ដឹកនាំធនាគារ Sygnum បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការកសាងក្របខ័ណ្ឌច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធនាគារឌីជីថល។ ថ្នាក់ដឹកនាំ Sygnum បានបញ្ជាក់ថា នឹងបន្តស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយតែងតែត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ និងចូលរួមចំណែកមតិនៅក្នុងដំណើរការវៀតណាមធ្វើឱ្យប្រព័ន្ធច្បាប់សម្រាប់ទីផ្សារទ្រព្យសកម្មឌីជីថលមានភាពល្អឥតខ្ចោះ។

លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមចាត់ទុកការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាជំហានយុទ្ធសាស្ត្រមួយដើម្បីទាក់ទាញដើមទុនរយៈពេលវែង បច្ចេកវិទ្យាខ្ពស់ លើកកម្ពស់គុណភាពនៃការធ្វើសមាហរណកម្មហិរញ្ញវត្ថុអន្តរជាតិ និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃហិរញ្ញវត្ថុសកល។ វៀតណាមកំពុងខិតខំនាំមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឱ្យដំណើរការក្នុងពេលឆាប់ៗនេះនៅទីក្រុងហូជីមិញ និង Da Nang៕

បកប្រែដោយ Huyen Trang