“ខួរក្បាលទីពីរ” របស់ MINUSCA
ពេលព្រឹកមួយនៅក្នុងការិយាល័យចារកម្មផ្នែកខាងកើតនៃ MINUSCA ចាប់ផ្តើមក្នុងបរិយាកាសតានតឹង។ ពេលធ្វើការមិនមានការនិយាយអ៊ូរអររំខានគ្នាទេ គ្រប់គ្នាសុទ្ធតែផ្តោតយ៉ាងយកចិត្តទុកដាក់លើទិន្នន័យនៅលើអេក្រង់កំព្យូទ័រ និងផែនទីសន្តិសុខដែលមានសញ្ញាសម្គាល់យ៉ាងសាំញ៉ាំ។ នៅលើផែនទីដែលមានសញ្ញាយ៉ាងសាំញ៉ាំទាំងនោះ គឺសុទ្ធតែបង្កប់នូវព័ត៌មានលម្អិតតូចៗរាប់រយអំពីសន្តិសុខ នយោបាយ និងសង្គមរបស់ប្រទេសជាតិដែលនៅតែជាប់គាំងក្នុងជម្លោះ។
នៅឯ MINUSCA មន្ត្រីចារកម្មមិនត្រឹមតែប្រមូលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវតែប្រមូលព័ត៌មាន វិភាគ និងព្យាករណ៍និន្នាការសន្តិសុខផងដែរ។ ការវាយតម្លៃត្រឹមត្រូវអាចជួយការពារទប់ស្កាត់អំពើហិង្សា និងការពារជីវិតរបស់ទាហាន និងជនស៊ីវិលបាន។ ផ្ទុយទៅវិញ កំហុសសូម្បីតែតូចមួយក៏អាចមានតម្លៃថ្លៃដែរ។
នៅក្នុងការិយាល័យរួមនេះ លោកវរសេនីយ៍ត្រី Nguyen Anh Tuan ដែលជាមន្ត្រីចារកម្មមកពីវៀតណាម បានកត់ត្រា ប្រៀបធៀប និងផ្ទៀងផ្ទាត់ព័ត៌មាននីមួយៗដែលប្រមូលបានក្នុងរយៈពេល ២៤ ម៉ោងកន្លងមកដោយស្ងៀមស្ងាត់។ លោកបានចែករំលែកថា “ការងាររបស់យើងខ្ញុំពិតជាពិបាកណាស់ មិនអនុញ្ញាតឱ្យមានកំហុសឆ្គងសូម្បីតែតូចតាចដែរ” ។
សម្រាប់លោក និងសហការីរបស់លោក រាល់តួលេខ រាល់ពាក្យចចាមអារ៉ាម រាល់ចលនាមិនធម្មតាអាចជាតំណភ្ជាប់មួយទាក់ទងនឹងជម្លោះដែលកំពុងត្រៀមនឹងផ្ទុះឡើង។ បើគ្មានសំឡេងការបាញ់ប្រហារ ឬសំឡេងរថពាសដែកទេ ការងាររបស់មន្ត្រីចារកម្មមួកខៀវនឹងប្រព្រឹត្តទៅនៅលើ "រណសិរ្សស្ងាត់ស្ងៀម" ដែលភាពវៃឆ្លាត ភាពក្លាហាន និងវិន័យគឺជាអាវុធមុតស្រួចបំផុត។ វរសេនីយ៍ត្រី Nguyen Anh Tuan បាននិយាយថា "យើងខ្ញុំមិនត្រូវអនុញ្ញាតឱ្យមានកំហុសទេ ព្រោះការវាយតម្លៃមិនត្រឹមត្រូវអាចនាំឱ្យបាត់បង់ជីវិតមនុស្ស"។
សម្រាប់មន្ត្រីចារកម្ម បេសកកម្មដែលបានបញ្ចប់ដោយជោគជ័យនីមួយៗគឺជាជ័យជម្នះស្ងៀមស្ងាត់ ប៉ុន្តែពួកគេ "ប្រយុទ្ធ" មិនមែនដោយសព្វាវុធនោះទេ ប៉ុន្តែដោយការគិតបែបយោធា និងការមើលឃើញទុកជាមុនជាយុទ្ធសាស្ត្រ។
    |
 |
|
លោកវរសេនីយ៍ត្រី Nguyen Anh Tuan ទទួលគ្រឿងសញ្ញារក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ |
ភាពក្លាហានរបស់កងទ័ពហូជីមិញនៅក្នុង "ដែនដីភ្លើង"
វៀតណាមមានមន្ត្រីចារកម្មបីនាក់ធ្វើការនៅក្នុងវិស័យសំខាន់ៗនៅតំបន់ MINUSCA៖ លោកវរសេនីយ៍ត្រី Nguyen Anh Tuan នៅក្នុងផ្នែកខាងកើត; វរសេនីយ៍ត្រី Le Van Chien នៅក្នុងផ្នែកខាងលិច; និងលោកអនុសេនីយ៍ឯកបំរុង Phung Minh Cuong នៅក្នុងកម្លាំងចម្រុះនៅ Bambari - ចំណុចក្តៅយុទ្ធសាស្ត្រដែលផលប្រយោជន៍របស់ក្រុមប្រដាប់អាវុធជាច្រើនប្រសព្វគ្នា។
នៅក្នុងវិស័យខាងលិច ស្ថានភាពសន្តិសុខតែងតែមិនអាចទាយទុកជាមុនបានដោយសារតែផ្លូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងសកម្មភាពជាប់គ្នារបស់ឧក្រិដ្ឋជនប្រដាប់អាវុធ។ ភារកិច្ចចម្បងរបស់លោកវរសេនីយ៍ត្រី Le Van Chien គឺការកសាងបណ្តាញប្រភពព័ត៌មាន ការទទួលរបាយការណ៍ពីអង្គភាពល្បាត វិភាគចលនារបស់បណ្តាក្រុមកម្លាំងប្រដាប់អាវុធ និងផ្តល់ការព្រមានជាមុនដល់ទីបញ្ជាការ ដោយគាំទ្រដល់ការសម្រេចចិត្តប្រតិបត្តិការ និងការពារជនស៊ីវិល។
នៅ Bambari លោកអនុសេនីយ៍ឯកបរុង Phung Minh Cuong បានសម្របសម្រួល និងគ្រប់គ្រងសកម្មភាពប្រមូល និងចាត់វិធានការលើព័ត៌មានទាំងអស់របស់កងកម្លាំងចម្រុះ។ គាត់ត្រូវតែផ្ទៀងផ្ទាត់របាយការណ៍ពីប្រភពជាច្រើន ធ្វើសមកាលកម្មព័ត៌មានរវាងយោធា ប៉ូលីស និងវិស័យស៊ីវិល និងបំលែងទិន្នន័យឆៅទៅជាការវិភាគស៊ើបការណ៍សម្ងាត់សម្រាប់បំរើបញ្ជាការរួម។ ការងារនេះទាមទារការគិតគូជាប្រព័ន្ធ ជំនាញសំយោគ និងសមត្ថភាពក្នុងការទប់ទល់នឹងសម្ពាធខ្ពស់។
ការងារស៊ើបការណ៍សម្ងាត់នៅអាហ្វ្រិកកណ្តាលមិនមែនគ្រាន់តែអង្គុយនៅមុខអេក្រង់កុំព្យូទ័រនោះទេ។ នាយទាហានវៀតណាមតែងតែច្បាមខ្ជាប់នឹងតំបន់ដែនដី ជួបទាក់ទងជាមួយប្រជាជន និងសម្របសម្រួលជាមួយកងកម្លាំងមកពីប្រទេសនេប៉ាល់ កម្ពុជា ស្រីលង្កា និងប្រទេសដទៃទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននៅលើដី។ ការរាយការណ៍របស់មេភូមិអំពីមនុស្សចម្លែកម្នាក់វត្តមាននៅពេលយប់ ឬឡានដឹកអង្ករចេញពីទីប្រជុំជន ក៏អាចក្លាយជាតម្រុយដ៏សំខាន់សម្រាប់ការវិភាគជាបន្តបន្ទាប់នោះ។
លោកវរសេនីយ៍ត្រី Nguyen Anh Tuan បានចែករំលែកថា៖ “បរិយាកាសសន្តិសុខមានភាពស្មុគស្មាញ ហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម ហើយតំបន់ជាច្រើនត្រូវបានញែកដាច់ពីគ្នាដោយព្រៃឈើក្រាស់ និងទន្លេ បានធ្វើឱ្យការប្រមូលព័ត៌មានមានការលំបាកខ្លាំងណាស់។ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ យើងត្រូវកសាងទំនុកចិត្តជាមួយប្រជាជន និងគោរពទំនៀមទម្លាប់ និងប្រពៃណីក្នុងតំបន់។ ពេលខ្លះ គ្រាន់តែជាការសួរសុខទុក្ខរាក់ទាក់អាចទទួលបានព័ត៌មានដ៏មានតម្លៃដែរ។
នៅក្នុងបរិយាកាសធ្វើការមានលក្ខណៈពហុជាតិសាសន៍ និងពហុវប្បធម៌ ដែលមានភាពខុសគ្នានៃភាសា និងវិធីសាស្រ្តធ្វើការ នាយទាហានចារកម្មវៀតណាមបានបង្ហាញពីសមត្ថភាពសម្របខ្លួនដ៏ល្អឥតខ្ចោះ ជាមួយនឹងជំនាញភាសាបរទេសដ៏ប៉ិនប្រសប់ ការគិតវិភាគយ៉ាងមុតមាំ និងស្មារតីទទួលខុសត្រូវខ្ពស់។ ភាពក្លាហាន វិន័យ ភាពរាបទាប ឆន្ទៈក្នុងការរៀនសូត្រ និងស្មារតីសាមគ្គីភាពបានធ្វើឱ្យពួកគេក្លាយជាដៃគូដែលអាចទុកចិត្តបាននៅក្នុងក្រសែភ្នែករបស់សហសេវិកអន្តរជាតិ។
នៅក្នុងបរិបទនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រៀមរៀបចំសម្រាប់ការបោះឆ្នោត និងស្ថានភាពសន្តិសុខនៅតែពោរពេញដោយហានិភ័យដែលអាចកើតមាន តួនាទីរបស់នាយទាហានចារកម្មកាន់តែមានសារសំខាន់។ វត្តមានដ៏មានប្រសិទ្ធភាពរបស់ពួកគេរួមចំណែកដល់ការបង្ការជម្លោះប្រកបដោយភាពសកម្មរបស់ MINUSCA ការការពារជនស៊ីវិល និងការថែរក្សាស្ថិរភាព។
ការចាត់បញ្ជូននាយទាហានចារកម្មទៅកាន់ចំណុចក្តៅស្មុគស្មាញដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាលបង្ហាញថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមមានសមត្ថភាពពេញលេញក្នុងការផ្តល់បុគ្គលិកដែលមានគុណភាពខ្ពស់ជាមួយនឹងជំនាញកម្រិតខ្ពស់ និងសមត្ថភាពក្នុងការវិភាគ និងដំណើរការព័ត៌មាននៅកម្រិតយុទ្ធសាស្ត្រ៕
បកប្រែដោយ Minh Trung