លើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត និងការធ្វើបរិវត្តកម្មឌីជីថលរវាងវៀតណាម និងសិង្ហបុរី
កប.អនឡាញ - នៅរសៀលថ្ងៃទី១៥ ខែមករា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបពិភាក្សាការងារជាមួយ លោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលនិងទូរគមនាគមន៍ នៃប្រទេសសិង្ហបុរី ក្នុងឱកាសដែលលោកស្រីអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ដែលបានធ្វើឡើងនៅទីក្រុងហាណូយ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការសន្យានានាដែលបានឯកភាពគ្នាដោយមេដឹកនាំនៃប្រទេសទាំងពីរក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសសិង្ហបុរីកាលពីខែមីនា ឆ្នាំ២០២៥ ក៏ដូចជាផែនការសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់រយៈពេលឆ្នាំ២០២៥-២០៣០។ ការផ្តោតសំខាន់នៃកិច្ចសហប្រតិបត្តិការគឺគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលជាតិ និងរួមគ្នាកសាងលំហអ៊ីនធឺណិតដែលមានសុវត្ថិភាព ស្ថិរភាព និងប្រកបដោយចីរភាពនៅក្នុងប្រទេសនីមួយៗ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Luong Tam Quang និងលោកស្រី Josephine Teo |
ដោយជម្រាបជូនលោកស្រីរដ្ឋមន្ត្រី Josephine Teo អំពីការដែលអង្គការសហប្រជាជាតិប្រគល់ឱ្យក្រសួងនគរបាលវៀតណាមឲ្យបង្កើតមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិនៅវៀតណាមនោះ លោករដ្ឋមន្ត្រី Luong Tam Quang បានស្នើឲ្យមានការគាំទ្រ និងជំនួយយ៉ាងសកម្មពីប្រទេសសិង្ហបុរីក្នុងការសាងសង់មជ្ឈមណ្ឌលនេះ ហើយក៏បានស្នើឱ្យពិចារណាចូលរួមអនុសញ្ញាហាណូយផងដែរ។
លោករដ្ឋមន្ត្រី Luong Tam Quang ក៏បានស្នើឱ្យ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជំនាញ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍកម្មវិធីសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល ការការពារទិន្នន័យផ្ទាល់ខ្លួន និងធានាសុវត្ថិភាពទិន្នន័យ ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត និងការការពារប្រព័ន្ធព័ត៌មានសំខាន់ៗ ការគ្រប់គ្រងលំហូរទិន្នន័យឆ្លងដែន និងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ដោយហេតុនេះរួមចំណែកជាក់ស្តែងដល់ដំណើរការច្នៃប្រឌិតជាតិ និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសនីមួយៗ។
លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់កងកម្លាំងជំនាញក្នុងការធ្វើបិរវត្តកម្មឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងការការពារទិន្នន័យផ្ទាល់ខ្លួន ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍឯកសារផ្លូវច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន និងការផ្ទុកទិន្នន័យ។
ដោយយល់ស្របនឹងសំណើរបស់លោករដ្ឋមន្ត្រី Luong Tam Quang នោះ លោកស្រីរដ្ឋមន្ត្រី Josephine Teo បានបញ្ជាក់ថា លោកស្រីនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលវៀតណាម ដើម្បីលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃឯកសារសហប្រតិបត្តិការផ្នែកច្បាប់រវាងភាគីទាំងពីរលើសន្តិសុខតាមអ៊ីនធឺណិត និងការធ្វើបរិវត្តកម្មឌីជីថល រួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ឆ្ពោះទៅរកទិសដៅកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan