លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Marc Knapper ដែលបានបញ្ចប់អាណត្តិរបស់ខ្លួននៅប្រទេសវៀតណាមដោយជោគជ័យ និងបានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត  Marc Knapper ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឆ្នាំ២០២៣ នៅពេលដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង បង្កើតមូលដ្ឋានរឹងមាំដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឯកអគ្គរដ្ឋទូត Marc Knapper

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់មួយរបស់ខ្លួន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងចង់ឲ្យប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយផ្អែកលើមូលដ្ឋានសមភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក គោរពច្បាប់អន្តរជាតិ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើនដូចជា​៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា និងការពិគ្រោះយោបល់ ការដោះស្រាយផលវិបាកនៃសង្គ្រាម ការបណ្ដុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធានានាជាដើម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

ថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការពន្លឿនការងារជំនះផលវិបាកដោយគ្រប់បែក មីន ជាតិគីមីពុល/ឌីអុកស៊ីន ក្រោយសង្គ្រាម និងក្នុងការរុករក ប្រមូល និងការកំណត់អត្តសញ្ញាណកងទ័ពវៀតណាមដែលបានពលីជីវិត បាត់ព័ត៌មាន ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា នៅពេលអនាគត ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងអនុវត្តខ្លឹមសារសហប្រតិបត្តិការ ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ការណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងការឯកភាពគ្នារវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមក្នុងស្មារតី « ទុកអតីតកាលនៅមួយអន្លើ ឆ្ពោះទៅអនាគតដ៏ល្អ» ហើយសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តធ្វើឲ្យបានជាក់ស្តែងការសន្យាដែលជួយគាំទ្រវៀតណាមក្នុងវិស័យនេះ។

ដោយសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួន (MIA) ក្នុងអំឡុងសង្គ្រាមនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តចែករំលែកព័ត៌មាន ឯកសារ និងវត្ថុអនុស្សាវរីយ៍ទាក់ទងនឹងកងទ័ពវៀតណាមដែលបានពលីជីវិត បាត់ព័ត៌មាន ឬបាត់ខ្លួន ក្នុងអំឡុងសង្គ្រាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកឯកអគ្គរដ្ឋទូត Marc Knapper នោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងក្តីសង្ឃឹមថា ទោះជា​នៅក្នុងតំណែងថ្មីរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Marc Knapper នឹងបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហរដ្ឋអាមេរិក។

ចំណែកលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Marc Knapper បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញការអភិវឌ្ឍកាន់តែជាក់ស្តែង និងទូលំទូលាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូច​ជា​៖ ការទូត សេដ្ឋកិច្ច វប្បធម៌... ជាពិសេស នៅឆ្នាំ ២០២៣ ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិគឺជាកក្តាសំខាន់មួយ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយជូនលោកឯកអគ្គរដ្ឋទូត Marc Knapper

លោកឯកអគ្គរដ្ឋទូត Marc Knapper បានសម្តែងការគោរព​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្ទាល់ និងថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ថា ការដោះស្រាយផលវិបាកនៃសង្គ្រាមគឺជាវិស័យសហប្រតិបត្តិការដ៏សំខាន់មួយដែលភាគីទាំងពីរនឹងបន្តយកចិត្តទុកដាក់ជម្រុញថែមទៀត។

លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា ទោះជាកាន់មុខតំណែងអ្វីក៏ដោយ ក៏លោកនឹងបន្តគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក រួមចំណែកឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរការសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើននាពេលអនាគត។

បកប្រែដោយ Duy Hoan