កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលីសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន
កប.អនឡាញ - នៅព្រឹកថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបអនុព័ន្ធយោធាអូស្ត្រាលីចាស់និងថ្មី ដែលមកជម្រាបលា និងបង្ហាញមុខ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អបអរសាទរចំពោះលោកវរសេនីយ៍ឯក Michael Jansen ដែលបានបញ្ចប់អាណត្តិនៅវៀតណាមដោយជោគជ័យ និងស្វាគមន៍លោកស្រីវរសេនីយ៍ឯក Alana Burkitt ដែលទទួលតំណែងថ្មីជាអនុព័ន្ធយោធាអូស្ត្រាលីប្រចាំវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្កត់ធ្ងន់ថា ដោយអនុវត្តតាមឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលី ត្រូវបានអនុវត្តយ៉ាងសកម្មក្នុងវិស័យជាច្រើន៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនា និងកិច្ចពិគ្រោះយោបល់ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យយោធា កិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាពនៃកងទ័ពទាំងពីរ និងការជំនះផលវិបាកក្រោយសង្គ្រាម កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃយន្តការការពារជាតិពហុភាគី ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបជាមួយលោកវរសេនីយ៍ឯក Michael Jansen |
ដោយទទួលស្គាល់ និងកោតសរសើរការរួមចំណែករបស់លោកវរសេនីយ៍ឯក Michael Jansen លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ក្នុងឋានៈជាប្រធានក្រុមអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាម លោកវរសេនីយ៍ឯក Michael Jansen ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងរៀបចំសកម្មភាពផ្លាស់ប្តូររវាងក្រុមអនុព័ន្ធយោធានៃបណ្ដាប្រទេស ជាមួយក្រសួងការពារប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីសង្ឃឹមថា ក្នុងតំណែងថ្មីរបស់ខ្លួន លោកស្រីវរសេនីយ៍ឯក Alana Burkitt នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ដោយផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ រក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព ស្រាវជ្រាវ និងចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានរវាងបណ្ដាអង្គភាពនៃកងទ័ពទាំងពីរ ហើយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជាសន្តិសុខតាមអ៊ីនធឺណិត និងឧស្សាហកម្មការពារជាតិ។ល។
ដោយថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងស្ថាប័ននានារបស់ក្រសួងការពារប្រទេសវៀតណាម ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផល និងសហការយ៉ាងជិតស្និទ្ធនាពេលកន្លងមក លោកវរសេនីយ៍ឯក Michael Jansen បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅ៕
បកប្រែដោយ Thuy Anh