កងទ័ពជើងទឹកវៀតណាម-អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ
កប.អនឡាញ - នៅថ្ងៃទី ២៩ ខែមករា នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម លោកឧត្តមនាវីទោ Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាម បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកឧត្តមនាវីទោ Mark Hammond មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងទឹកអូស្ត្រាលី មកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមករា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានចូលរួមកិច្ចពិភាក្សា។
ក្នុងកិច្ចពិភាក្សា លោកឧត្តមនាវីទោ Tran Thanh Nghiem បានសង្កត់ធ្ងន់ថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលី សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងនោះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោមួយ។ ភាគីទាំងពីរបានអនុវត្តកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ការធ្វើហាត់សមពហុភាគី ការបណ្តុះបណ្តាល ការស្វែងរក និងជួយសង្គ្រោះ...
    |
 |
|
លោកឧត្តមនាវីទោ Tran Thanh Nghiem និងលោកឧត្តមនាវីទោ Mark Hammond |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត លោកឧត្តមនាវីទោ Tran Thanh Nghiem បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ស្វែងរកឱកាសសហប្រតិបត្តិការ ចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកបានបញ្ជាក់ថា វៀតណាមនឹងបញ្ជូននាវាទៅចូលរួមពិធីរំលឹកខួបលើកទី១២៥ នៃការបង្កើតកងទ័ពជើងទឹកអូស្ត្រាលី និងចូលរួមក្នុងការធ្វើហាត់សម Kakadu 2026 នៅប្រទេសអូស្ត្រាលី។ លោកសង្ឃឹមថា អូស្ត្រាលីនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងវិស័យបណ្តុះបណ្តាល និងបង្កើនដំណើរទស្សនកិច្ចផ្លាស់ប្ដូររវាងនាវាជើងទឹកនៃប្រទេសទាំងពីរ។
លោកឧត្តមនាវីទោ Mark Hammond បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។ លោកឧត្តមនាវីទោ Mark Hammond បានឯកភាពនឹងសំណើរបស់មេបញ្ជាការកងទ័ពជើងទឹកវៀតណាម ស្ដីពីការបន្តរក្សា និងជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដោយបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំពង្រឹងទំនាក់ទំនងនេះឲ្យអភិវឌ្ឍកាន់តែស៊ីជម្រៅនាពេលអនាគត៕
បកប្រែដោយ Thuy Anh