លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស នៅប្រទេសឡាវ គឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមក្នុងអាណត្តិទី ១៤ ដែលមានសារៈសំខាន់ខាងនយោបាយយ៉ាងស៊ីជម្រៅ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ពិសេស និងអាទិភាពកំពូលរបស់វៀតណាមចំពោះទំនាក់ទំនងវៀតណាម-ឡាវ តាមរយៈនោះ បង្កើតសន្ទុះថ្មី និងបើកដំណាក់កាលថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយលោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone

លោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone បានអបអរសាទរវៀតណាមចំពោះការរៀបចំដោយជោគជ័យនូវមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងអបអរសាទរចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបាននាពេលកន្លងមក។ លោកសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេងជាងមុននៅក្នុងរយៈពេលខាងមុខ។

រដ្ឋមន្ត្រីទាំងពីររូបមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឡាវ ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។ កងទ័ពនៃប្រទេសទាំងពីរបន្តជាកម្លាំងនាំមុខគេក្នុងការអនុវត្តតាមទិសដៅដែលបានព្រមព្រៀងគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សា និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍនៅប្រទេសនីមួយៗ និងជាកម្លាំងស្មោះត្រង់ដាច់ខាតរបស់បក្ស មាតុភូមិ និងប្រជាជន។

ភាគីទាំងពីរបានឯកភាពគ្នាថា ស្ថានភាពពិភពលោកកំពុងវិវត្តន៍យ៉ាងស្មុគស្មាញ ហើយចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ក៏ដូចជារវាងប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញលោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី វៀតណាម ឡាវ និងកម្ពុជា និងចូលរួមក្នុងហាត់សមរួមរវាងកងទ័ពនៃប្រទេសទាំងបី ស្តីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែលមិនមែនជាប្រពៃណី ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦៕

បកប្រែដោយ Thuy Anh