បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធមនៅព្រះបរមរាជវាំង លោក To Lam អគ្គលេខាបក្ស បានអញ្ជើញទទួលជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងជំនួប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការដែលលោក To Lam អគ្គលេខាបក្សដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស និងគណៈប្រតិភូ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដែលបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំវៀតណាម ផ្តល់ជូនចំពោះទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលទ្វេភាគីរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា (រូបថត៖ vnanet.vn)

ដោយអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ និងការដែលលោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីជាអគ្គលេខាបក្ស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវជោគជ័យដ៏អស្ចារ្យ អនុវត្តគោលដៅដែលកំណត់ដោយបក្សប្រកបដោយជោគជ័យ និងចូលរួមចំណែកដល់ការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាតែងតែឱ្យតម្លៃ និងមានគោលបំណងចង់ពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់វៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ចសង្គម ព្រមទាំងសម្ដែងនូវបំណងចង់ឲ្យភាគីទាំងពីរ បន្តពង្រីកការបើកចំហទីផ្សារ ដើម្បីតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ។

លោក To Lam អគ្គលេខាបក្ស បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដ៏ស្រស់ស្អាតសាជាថ្មីបន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់វៀតណាម រួមទាំងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាផងដែរ។

ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក លោក To Lam អគ្គលេខាបក្ស បានសម្តែងទំនុកចិត្តថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងការឯកភាពរបស់ប្រជាជន ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ជីវភាពរស់នៅរបស់ប្រជាជននឹងប្រសើរឡើងដោយឥតឈប់ឈរ និងកសាងប្រទេសជាតិប្រកបដោយសន្តិភាព សុខដុមរមនា សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដោយជូនដំណឹងជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីស្ថានភាពនៅវៀតណាម និងមហាសន្និបាតលើកទី១៤ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា សមិទ្ធផលដែលវៀតណាមសម្រេចបាន អាស្រ័យដោយមានការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តភក្តិអន្តរជាតិ ជាពិសេសប្រទេសជិតខាង រួមទាំងកម្ពុជាផងដែរ។ លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវការគោរព និងដឹងគុណចំពោះការគាំទ្រ និងជំនួយដ៏ស្មោះស្ម័គ្ររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

រួមជាមួយថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជាច្រើនជំនាន់ ផ្តល់ជូនវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យភាពកាលពីមូន និងក្នុងការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។

ភាគីទាំងពីរក៏បានជម្រាបគ្នាទៅវិញទៅមកអំពីគោលដៅ និងទិសដៅអភិវឌ្ឍន៍ ដើម្បីឱ្យប្រទេសនីមួយៗ និងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ អាចសហប្រតិបត្តិការ និងអភិវឌ្ឍជាមួយគ្នា។

* នាព្រឹកថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានអញ្ជើញទទួលជួបសវនាការសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។

លោក To Lam អគ្គលេខាបក្ស បានសម្តែងកិត្តិយសដែលបានវិលត្រឡប់មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាវិញ តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជូនពរឱ្យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានសុខភាពល្អ និងបន្តរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញទទួលជួបសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងបញ្ជាក់ថា សម្រាប់ប្រជាជនវៀតណាម រូបភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ តែងតែជានិមិត្តរូបដ៏ឧត្តុងឧត្តមនៃចំណងមិត្តភាពវៀតណាម-កម្ពុជា។ តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជវង្ស និងប្រជាជនកម្ពុជា ដែលបានផ្តល់មនោសញ្ចេតនាដ៏ថ្លៃថ្នូ និងជំនួយដ៏មានតម្លៃ ជូនចំពោះវៀតណាមពេញក្នុងអតីតកាល ក៏ដូចជានាពេលបច្ចុប្បន្ន។

ដោយជម្រាបជូនអំពីជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់វៀតណាមចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន រួមជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវប្រវត្តិសាស្ត្រជិត ៦០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពគ្នាបន្តជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាព យូរអង្វែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Huyen Trang