ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបញ្ជាក់សារជាថ្មីនូវសាមគ្គីភាពដ៏រឹងមាំប៉ុណ្ណោះទេ ថែមទាំងបើកជំពូកថ្មីពោរពេញទៅដោយយថាទស្សន៍សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងយុគសម័យអភិវឌ្ឍថ្មីទៀតផង។

ការជ្រើសរើសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស  បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្ស បង្ហាញយ៉ាងច្បាស់បំផុតពីអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

យោងតាមលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់យ៉ាងច្បាស់អំពីគោលការណ៍ណែនាំរបស់បក្សនោះគឺ ជំរុញទំនាក់ទំនងការបរទេសគឺជាកិច្ចការ "សំខាន់ និងជាប្រចាំ" រួមជាមួយនឹងការការពារជាតិ និងសន្តិសុខ។ ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាត្រូវបានបង្កើតឡើងពីសាមគ្គីភាពក្នុងការតស៊ូ និងការជួយគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រ។

leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា​ (រូបថត៖ vov.vn)

លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា «ទំនុកចិត្តខាងនយោបាយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា គឺជា «យុថ្កា» ដ៏រឹងមាំ និងជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាននូវបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក To Lam អគ្គលេខាបក្សនឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។

លោក To Lam អគ្គលេខាបក្ស រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជា និងឡាវ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំប្រមុខបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ ។ ដូច្នេះ អាចនិយាយបានថា ប្រទេសទាំងពីរ វៀតណាម និងកម្ពុជា បានបង្ហាញពីទំនុកចិត្ត ការតាំងចិត្ត និងការរំពឹងទុកខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់លោកអគ្គលេខាបក្ស។

លើសពីនេះ កិច្ចប្រជុំរវាងប្រមុខបក្សទាំងបីក្នុងឱកាសនេះ បញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងប្រពៃណី សាមគ្គីភាពពិសេស និងការតភ្ជាប់ស្មោះត្រង់ រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ក៏ដូចជារវាងបក្សទាំងបី និងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំង៣ ក៏នឹងពិនិត្យឡើងវិញនូវដំណើរកន្លងមក ចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ និងលើកឡើងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងស្ថានភាពថ្មី។ ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ គឺជាប្រភពនៃកម្លាំងសម្រាប់ប្រទេសទាំងពីរផ្សេងទៀត។ នេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបន្តទៅជំនាន់ក្រោយ។

ក្រៅពីកិច្ចសហប្រតិបត្តិការនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាភស្តុតាងដ៏ច្បាស់លាស់បំផុតនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ឆ្នាំ២០២៥ បានសម្គាល់ព្រឹត្តិការណ៍សំខាន់ៗគួរឱ្យចាប់អារម្មណ៍៖ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ១១.៣ ពាន់លានដុល្លារអាមេរិក។ ឥឡូវនេះ វៀតណាមស្ថិតក្នុងចំណោមអ្នកវិនិយោគធំជាងគេទាំង ៥ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីជិត ៣ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ទូរគមនាគមន៍ កសិកម្ម និងធនាគារ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃដ៏អស្ចារ្យបំផុតនៃដំណើរទស្សនកិច្ចនេះ មិនត្រឹមតែស្ថិតនៅក្នុងចំនួនប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងការដោះស្រាយឧបសគ្គហេដ្ឋារចនាសម្ព័ន្ធទៀតផង។

លោក Nguyen Van Minh ឯកអគ្គរដ្ឋទូត បានសម្តែងក្តីសង្ឃឹមថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ នឹងក្លាយជាការទម្លាយដ៏សំខាន់សម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។ ច្រកទ្វារព្រំដែនអន្តរជាតិទ្វេភាគី Tan Nam-ម៉ឺនជ័យ ដែលបានសម្ពោធនៅចុងឆ្នាំ២០២៥ បង្ហាញយ៉ាងច្បាស់ពីស្មារតីនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់តំបន់ព្រំដែនឱ្យក្លាយជាតំបន់សេដ្ឋកិច្ចស្វាហាប់ តំបន់វប្បធម៌ចម្រុះ និងតំបន់សហប្រតិបត្តិការគំរូរវាងប្រទេសទាំងពីរ។

លើសពីនេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថានឹងសម្រេចបាននូវគម្រោងគមនាគមន៍សំខាន់ៗដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់ទីក្រុងភ្នំពេញជាមួយទីក្រុងហូជីមិញ ក៏ដូចជាផ្លូវសមុទ្ររវាងខេត្តកំពត និងខេត្ត Phu Quoc។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរលូន និងការចំណាយលើ logistics ត្រូវបានកាត់បន្ថយ នោះការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនឹងត្រូវបានបង្កើនយ៉ាងខ្លាំង។

ដំណើរទស្សនកិច្ចនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាមួយដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-កម្ពុជា ឡើងកម្រិតកម្ពស់ថ្មីមួយ ដែលទំនុកចិត្តខាងនយោបាយដើរតួនាទីជាយុថ្កាដ៏រឹងមាំ តម្រង់ទិសដល់ការទម្លាយភាពជឿនលឿនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ។

លើសពីវិសាលភាពទ្វេភាគី កិច្ចប្រជុំកំពូលទាំងនេះនៅទីក្រុងភ្នំពេញក៏ផ្ញើសារដ៏រឹងមាំអំពីស្មារតីសាមគ្គីភាព វៀតណាម-ឡាវ-កម្ពុជា ផងដែរ។ នៅក្នុងពិភពលោកដែលមានភាពប្រែប្រួលជាច្រើន ការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងបីមិនត្រឹមតែធានាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ និងជាក់ស្តែងដល់វិបុលភាពរួមរបស់សហគមន៍អាស៊ានទៀតផង៕

បកប្រែដោយ Huyen Trang