leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ អញ្ជើញត្រួតពលកងទ័ពប្រជាជនឡាវ (រូបថត៖ vnanet.vn)

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឧឡារិក លោក To Lam អគ្គលេខាបក្ស បានជួបពិភាក្សាជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។ អញ្ជើញចូលរួមកិច្ចពិភាក្សាមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។

លោក To Lam អគ្គលេខាបក្ស និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានសម្តែងក្ដីរីករាយចំពោះការអភិវឌ្ឍយ៉ាងស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែងនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ នាពេលកន្លងមក ដោយសង្កត់ធ្ងន់ថា សមិទ្ធផលនេះមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។

ដោយផ្អែកលើទិសដៅសំខាន់ៗ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើអាទិភាពសំខាន់ៗដែលត្រូវអនុវត្តក្នុងអាណត្តិនេះ ដើម្បីសម្រេចបាននូវគោលដៅតភ្ជាប់ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងបរិបទដែលបក្សនីមួយៗកំពុងអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតអាណត្តិថ្មី និងការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២៦-២០៣០។ តាមនោះ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗ។ ទន្ទឹមនឹងនោះ ជម្រុញការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ដោយផ្តល់អាទិភាពលើកិច្ចសហការ និងការអនុវត្តគម្រោងយុទ្ធសាស្ត្រ បង្កើតកម្លាំងចលករថ្មីសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍតំបន់ ហើយខិតខំជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិកនាពេលអនាគត។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ជួបពិភាក្សា (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់ ដែលគប្បីចាត់ទុកវិស័យនេះជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រ និងរយៈពេលវែងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជនជំនាន់ក្រោយ ហើយជម្រុញកិច្ចសហប្រតិបត្តិការក្នុងការផ្ដល់ព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីប្រពៃណីសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ រួមចំណែកលើកកម្ពស់ការយល់ដឹង និងពង្រឹងមូលដ្ឋានគ្រឹះវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បង្កើតយន្តការត្រួតពិនិត្យកម្រិតរដ្ឋាភិបាល ក្នុងបំណងពិនិត្យ និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងដោះស្រាយការលំបាកយ៉ាងឆាប់រហ័ស ដើម្បីឲ្យគម្រោងសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀង។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសកលលោក និងតំបន់ ហើយបានឯកភាពបង្កើនការផ្លាស់ប្តូរ កិច្ចពិគ្រោះយោបល់ និងកិច្ចសហការនៅក្នុងវេទិកាពហុភាគី ពង្រីកសាមគ្គីភាពក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ក្នុងនាមបក្ស រដ្ឋ និងប្រជាជនឡាវ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវបានជូនពរប្រទេស និងប្រជាជនវៀតណាមទទួលបានជ័យជម្នះថ្មីៗជាច្រើន។

នៅពេលបញ្ចប់កិច្ចពិភាក្សា លោក To Lam អគ្គលេខាបក្ស និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh