អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងពីគោលបំណង អត្ថន័យនិងសកម្មភាពមួយចំនួននៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមបានទេ?
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស៖ តបតាមការអញ្ជើញរបស់លោក Thongloun Sisoulith អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវ លោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងខ្លាំងសម្រាប់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ ជាពិសេសក្នុងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលវេលាពិសេស៖ ភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបញ្ចប់ដោយជោគជ័យ និងមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវទទួលបានជោគជ័យ។ ក្នុងបរិបទនោះ ការដែលលោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាមជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេទៅបំពេញទស្សនកិច្ចក្នុងអាណត្តិថ្មី - ដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូងគេដែលឡាវទទួលស្វាគមន៍បន្ទាប់ពីមហាសន្និបាតលើកទី ១២ របស់ឡាវ ហើយគ្រាន់តែជាងមួយសប្តាហ៍បន្ទាប់ពីវៀតណាមទទួលស្វាគមន៍លោកអគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ - ប្រមុខបក្សបរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅវៀតណាមបន្ទាប់ពីមហាសន្និបាតលើកទី ១៤ មានអត្ថន័យខាងនយោបាយយ៉ាងជ្រាលជ្រៅដែលបង្ហាញពីការយកចិត្ដទុកដាក់យ៉ាងខ្លាំង និងអាទិភាពចំបងរបស់វៀតណាមចំពោះទំនាក់ទំនងវៀតណាម-ឡាវ។
    |
 |
|
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស |
ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់បក្សទាំងពីរ និងរដ្ឋទាំងពីរបន្ដបញ្ជាក់ពីប្រពៃណីនៃសាមគ្គីភាពពិសេស និងស្មោះត្រង់រវាងវៀតណាម និងឡាវ - ទំនាក់ទំនងមួយស្អិតរមួតដែលឆ្លងកាត់បញ្ហាប្រឈម ការខិតខំនិងការពង្រឹងតាមរយៈដំណាក់កាលប្រវត្តិសាស្ត្រ។ ព្រមទាំងដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ បក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងការពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ស្របទៅនឹងតម្រូវការអភិវឌ្ឍន៍ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសនីមួយៗ។ ក្នុងបរិបទដែលស្ថានភាពតំបន់និងសកលលោកមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្មុគស្មាញ ការដែលប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាយុទ្ធសាស្ត្រ កាន់តែមានអត្ថន័យសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ ក៏ដូចជានៃតំបន់។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវដើម្បីផ្លាស់ប្តូរយោបល់លើស្ថានភាពរបស់បក្សនីមួយៗនិងរដ្ឋនីមួយៗ។ ព្រមទាំងពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងកំណត់ទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ភាគីទាំងពីរក៏បានគ្រោងនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួនរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានផងដែរ។
ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺថា ភាគីទាំងពីរនឹងផ្ដោតលើការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារ "តភ្ជាប់ជាយុទ្ធសាស្ត្រ" ដែលបានឯកភាពដោយលោក To Lam អគ្គលេខាបក្សនិងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវដើម្បីធ្វើឲ្យក្របខ័ណ្ឌនៃទំនាក់ទំនងប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់ថ្មីក្នុងខែធ្នូ ឆ្នាំ ២០២៥ កន្លង មក។
អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃដូចម្ដេចចំពោះសមិទ្ធផលលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឡាវក្នុងរយៈពេលកន្លងមក?
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស៖ ក្រឡេកមើលទៅរយៈពេលកន្លងមក អាចបញ្ជាក់បានថា ទោះបីជាប្រឈមមុខនឹងការវិវឌ្ឍ និងបញ្ហាប្រឈមជាច្រើនពីបរិបទអន្តរជាតិនិងតំបន់ក៏ដោយក៏ទំនាក់ទំនងវៀតណាម-ឡាវ នៅរក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមាន និងសម្រេចបានសមិទ្ធផលលេចធ្លោ និងគ្រប់ជ្រុងជ្រោយជាច្រើនស្ទើរតែលើគ្រប់វិស័យ។
ជាពិសេសគឺទំនាក់ទំនងកាន់តែជិតស្និទ្ធ និងទុកចិត្តកាន់តែខ្ពស់ក្នុងទំនាក់ទំនងនយោបាយ និងការទូត រក្សាតួនាទីស្នូល និងតម្រង់ទិសក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានលើកកម្ពស់ទំនាក់ទំនងដោយក្របខ័ណ្ឌ "មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងការតភ្ជាប់ជាយុទ្ធសាស្ត្រ" ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសារៈសំខាន់និងជម្រៅនៃទំនាក់ទំនងទ្វេភាគី។
កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខបន្តត្រូវបានពង្រឹងយ៉ាងរឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសន្តិសុខព្រំដែនរបស់ប្រទេសនីមួយៗ។
ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសម្រេចបានកំណើនគួរឱ្យចាប់អារម្មណ៍។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយសម្រេចបាន ៣ ពាន់លានដុល្លារជាលើកដំបូងនៅឆ្នាំ ២០២៥។
វិស័យអប់រំនិងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនបន្តត្រូវបានពង្រីកយ៉ាងខ្លាំងនិងកាន់ តែស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាកាន់តែមានភាពរស់រវើក។ ក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជានៅក្នុងវេទិកាតំបន់ អង្គការសហប្រជាជាតិនិងអន្តរជាតិ ប្រទេសទាំងពីររក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក ចែករំលែក ផ្លាស់ប្ដូរយោបល់និងចូលរួមចំណែកលើបញ្ហាជាច្រើននៃតំបន់ និងអន្តរជាតិ...
អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកការរំពឹងទុកមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសឡាវបានទេ?
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស៖ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសឡាវលើកនេះនឹងក្លាយជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលបង្កើតកម្លាំងចលករថ្មី និងបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ។
ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបញ្ជាក់ជាថ្មីនូវអាទិភាពយុទ្ធសាស្ត្រចំបង ដែលប្រទេសទាំងពីរផ្តល់ឱ្យគ្នាទៅវិញទៅមកក្នុងគោលនយោបាយការបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្លាស់ប្តូរសាមគ្គីភាពពិសេសពីជម្រៅប្រវត្តិសាស្ត្រទៅជាជម្រៅនៃកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ការរួមដំណើរយុទ្ធសាស្ត្ររយៈពេលវែងដើម្បីគោលដៅខ្លួនទីពឹងខ្លួន វិបុលភាពនៃប្រជាជាតិទាំងពីរ។
ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយ និងទំនាក់ទំនងស្អិតរមួត ភាគីទាំងពីរនឹងបន្តកំណត់ចក្ខុវិស័យរួមគ្នាសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការតាក់តែងគោលនយោបាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការ និងឆ្ពោះទៅមាគ៌ាអភិវឌ្ឍន៍ដែលបានជ្រើសរើស ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសនីមួយៗ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់។
ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង ដំណើរទស្សនកិច្ចនេះឆ្ពោះទៅគោលដៅច្បាស់លាស់៖ បង្កើនការផ្លាស់ប្តូរ និងឯកភាពគ្នានូវទស្សនៈលើបញ្ហាយុទ្ធសាស្ត្រ និងតម្រង់ទិសសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីក្នុងបរិបទបន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងមហាសន្និបាតលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យសំខាន់ៗដូចជា នយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដោយហេតុនេះនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ព្រមទាំងពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ ដែលរួមចំណែកលើកកម្ពស់ កិត្យានុភាព តួនាទី និងរូបភាពរបស់ប្រទេសនីមួយៗនៅលើឆាកអន្តរជាតិ៕
អ្នកយកព័ត៌មាន៖ សូមអរគុណលោកច្រើន!