ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាជិត ២៥០ សកម្មភាពក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ២០២៦
កប.អនឡាញ - ព័ត៌មាននេះត្រូវបានប្រកាសក្នុងសន្និសីទកាសែតស្តីពីឆ្នាំទេសចរណ៍ជាតិ - Gia Lai ២០២៦ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនខេត្ត Gia Lai នារសៀលថ្ងៃទី២ ខែកុម្ភៈ នៅទីក្រុងហាណូយ។
ក្រោមប្រធានបទ៖ “Gia Lai - ព្រៃភ្នំប្រសព្វសមុទ្រខៀវស្រងាត់” (Gia Lai - Mountains embrace the sea) ឆ្នាំទេសចរណ៍ជាតិ - Gia Lai ២០២៦ បង្ហាញឲ្យឃើញពីការតភ្ជាប់ប្រកបដោយសុខដុមរមនារវាងតំបន់ខ្ពង់រាប និងកោះសមុទ្រ រវាងធម្មជាតិដ៏សម្បើមអស្ចារ្យ និងអត្តសញ្ញាណវប្បធម៌ជនជាតិដ៏វិសេសវិសាល វប្បធម៌គងឃ្មោះ រវាងការអភិរក្ស និងការអភិវឌ្ឍ។
    |
 |
|
អត្តសញ្ញាណពាណិជ្ជសញ្ញាសម្រាប់ឆ្នាំទេសចរណ៍ជាតិ - Gia Lai ២០២៦ |
មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Do Thi Dieu Hanh ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai បានឱ្យដឹងថា ខេត្ត Gia Lai មានលំហអភិវឌ្ឍន៍ដ៏ធំទូលាយ ប្រព័ន្ធដឹកជញ្ជូនចម្រុះ រួមមានផ្លូវគោក ផ្លូវអាកាស ផ្លូវសមុទ្រ និងច្រកទ្វារអន្តរជាតិ ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម ការតភ្ជាប់តំបន់ និងការអភិវឌ្ឍទេសចរណ៍។
“ឆ្នាំទេសចរណ៍ជាតិ - Gia Lai ២០២៦ បញ្ជាក់ពីម៉ាកទេសចរណ៍របស់វៀតណាម ដោយផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណដ៏វិសេសវិសាលនៃបណ្តាជនជាតិ ដំណើរតភ្ជាប់ដ៏រលូន និងស៊ីជម្រៅដោយផ្អែកលើតម្លៃវប្បធម៌ និងចំណាប់អារម្មណ៍ពិតប្រាកដអំពីបរិយាកាសព្រៃភ្នំ ការតភ្ជាប់រវាងព្រៃភ្នំនិងសមុទ្រពណ៌ខៀវ។ តាមការគ្រោងទុក ពិធីបើកឆ្នាំទេសចរណ៍ជាតិ - Gia Lai ២០២៦ នឹងប្រព្រឹត្តទៅនៅសង្កាត់ Quy Nhon នាខែមីនាខាងមុខ ហើយពិធីបិទនឹងប្រព្រឹត្តទៅនៅសង្កាត់ Pleiku នាចុងខែធ្នូ”។
មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានលើកច្បាស់ថា ការរៀបចំឆ្នាំទេសចរណ៍ជាតិ - Gia Lai ២០២៦ មានអត្ថន័យសំខាន់ពិសេស ទាំងជាសកម្មភាពជំរុញ និងផ្សព្វផ្សាយរូបភាពគោលដៅទេសចរណ៍ផង និងជាការចាប់ផ្តើមយុទ្ធសាស្ត្រ បង្កើតកម្លាំងចលករដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត ក្នុងដំណាក់កាល ២០២៦-២០៣០ ផង។ លោក Nguyen Trung Khanh បានអះអាងពីការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការជំរុញទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព៕
បកប្រែដោយ Thanh Cong