នៅក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋ និងក្រសួងការពារជាតិកម្ពុជា ដែលបានចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងចាត់បញ្ជូនផែនយោធិនទៅចូលរួមដង្ហែក្បួនព្យុហយាត្រានៅក្នុងពិធីរំលឹកខួប។ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លើការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ ការសម្របសម្រួលក្នុងការស្រាវជ្រាវ  ការវាយតម្លៃ និងការព្យាករណ៍ស្ថានភាព ការផ្តល់យោបល់ ជូនក្រសួងការពារជាតិនៃប្រទេសនីមួយៗ អំពីទិសដៅ និងដំណោះស្រាយយុទ្ធសាស្ត្រដោយទាន់ពេលវេលា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc ទទួលជួបលោកឧត្តមសេនីយ៍ទោ នឹម បាឡែន

លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានស្នើថា នាពេលខាងមុខ ស្ថាប័នទាំងពីរបន្តសម្របសម្រួលចែករំលែកព័ត៌មាន ក្តាប់ស្ថានការណ៍ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ផ្តល់យោបល់អំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានអះអាងថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

* គួរបញ្ជាក់ថា មុននោះ គណៈប្រតិភូនាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម បានជួបពិភាក្សាជាមួយគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំ ២០២៤ និងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥។ តាមនោះ ភាគីទាំងពីរបានប្រកាន់ខ្ជាប់ខ្លឹមសារដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិទាំងពីរក្នុងពិធីសារសម្រាប់ដំណាក់កាល ២០២០-២០២៤ និង ២០២៥-២០២៩។

ភាគីទាំងពីរបានដឹកនាំ និងណែនាំអង្គភាព និងមូលដ្ឋាននានាតាមមុខងារ និងភារកិច្ចដែលបានប្រគល់ជូន ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង រួមចំណែកជួយឱ្យស្ថាប័នទាំងពីរសម្រេចបាននូវភារកិច្ចដែលបានកំណត់។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសម្រាប់ខែដែលនៅសល់នៃឆ្នាំ ២០២៥ និងឆ្នាំ ២០២៦៕

បកប្រែដោយ Huyen Trang