អង្គការសហប្រជាជាតិជាមិត្តជិតស្និទ្ធរបស់វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍
កប.អនឡាញ - នាថ្ងៃទី ១៨ ខែកញ្ញា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងប្រធាននៃបណ្ដាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ក្នុងឱកាសដែលលោកប្រធានរដ្ឋនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York សហរដ្ឋអាមេរិក។
លោកប្រធានរដ្ឋបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិជាមិត្តជិតស្និទ្ធរបស់វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការគាំទ្ររបស់បណ្ដាទីភ្នាក់ងារនៃអង្គការសហប្រជាជាតិក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍របស់វៀតណាម។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ និងលោកស្រី Pauline Tamesis |
លោកប្រធានរដ្ឋបានស្នើឲ្យបណ្ដាទីភ្នាក់ងារនៃអង្គការសហប្រជាជាតិសហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រប្រកបដោយប្រសិទ្ធភាពថែមទៀតដល់វៀតណាម ជាពិសេសក្នុងការផ្ដល់យោបល់អំពីគោលនយោបាយ ការជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការលើកកម្ពស់សមត្ថភាព។
ចំពោះកិច្ចពិភាក្សាជាន់ខ្ពស់នៃសម័យប្រជុំលើកទី៨០ លោកប្រធានរដ្ឋបានឲ្យដឹងថា លោកនឹងចែករំលែកសារសំខាន់ៗមួយចំនួនរបស់វៀតណាមនៅវេទិកានេះ រួមទាំង “រឿងរ៉ាវរបស់វៀតណាម” ក្នុងការជំនះការលំបាក ការអភិវឌ្ឍ និងសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសហគមន៍អន្តរជាតិ ហើយអំពាវនាវឲ្យប្រទេសនានាគោរពតម្លៃនៃសន្តិភាព និងការផ្លាស់ប្តូរដើម្បីកសាងអនាគតដ៏រឹងមាំ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះការងាររួមរបស់ពិភពលោក ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើសកលលោក។
ដោយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម UN80 របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប្រធានរដ្ឋបានចាត់ទុកថា នេះជាមូលដ្ឋានសំខាន់សម្រាប់ប្រទេសនានាពិភាក្សា និងជំរុញកំណែទម្រង់ ជួយអង្គការសហប្រជាជាតិសម្របខ្លួនឲ្យបានល្អប្រសើរទៅនឹងបញ្ហាប្រឈមជាសាកល ហើយអះអាងថា វៀតណាមគាំទ្រ ហើយនឹងចូលរួមក្នុងដំណើរការនេះ និងត្រៀមខ្លួនជាស្រេចស្វាគមន៍បណ្ដាទីភ្នាក់ងារនៃអង្គការសហប្រជាជាតិបើកការិយាល័យ និងមជ្ឈមណ្ឌលនៅវៀតណាម។
លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យអង្គការសហប្រជាជាតិ សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីរៀបចំដោយជោគជ័យនូវដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយ នៅចុងខែតុលា ឆ្នាំ២០២៥។
នៅក្នុងជំនួបនេះ អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាម ហើយសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រពហុភាគីនិយម និងអង្គការសហប្រជាជាតិក្នុងបរិបទដែលពិភពលោកមានបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយសំខាន់ៗរបស់វៀតណាមស្ដីពីការធ្វើសមាហរណកម្មអន្តរជាតិ ការធ្វើបរិវត្តកម្មឌីជីថល សន្តិសុខថាមពល ការអប់រំនិងបណ្តុះបណ្តាល សុខាភិបាល និងគោលនយោបាយផ្តោតលើប្រជាជន និងធុរកិច្ច។ លោកស្រី Tamesis បានអះអាងថា អង្គការសហប្រជាជាតិ នឹងបន្តរួមដំណើរ និងជួយគាំទ្រវៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្តស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មថាមពលប្រកបដោយសមធម៌ ការលើកកម្ពស់សមភាពយេនឌ័រ និងឆ្ពោះទៅរកការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រដែលបានកំណត់៕
បកប្រែដោយ Thuy Anh