លើកកំពស់តួនាទីជាស្ពានតភ្ជាប់ ដើម្បីជំរុញទំនាក់ទំនងវៀតណាម-បារាំង
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមនៃព្រឹទ្ធសភាបារាំង ដឹកនាំដោយលោក Alain Cadec សមាជិកព្រឹទ្ធសភា ប្រធានក្រុម ក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម។
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាល្អ និងការរួមវិភាគទានជាក់ស្តែងដែលក្រុមសមាជិកសភាមិត្តភាព បារាំង-វៀតណាម បានផ្តល់ជូនវៀតណាម ក៏ដូចជាការអភិវឌ្ឍទំនាក់ទំនងវៀតណាម-បារាំង។ លោកស្រី Le Thi Thu Hang បានស្នើឲ្យក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ លើកកំពស់តួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងវៀតណាម-បារាំងនិយាយរួម។
    |
 |
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Alain Cadec ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម (រូបថត៖ baoquocte.vn) |
លោក Alain Cadec បានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសលើវិស័យយុទ្ធសាស្ត្រ ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលមានគម្រោងលើកំពង់ផែសមុទ្រ អាកាសចរណ៍ ផ្លូវរថភ្លើងល្បឿនលឿន គមនាគមន៍ក្នុងទីក្រុង... ធ្វើពិពិធកម្ម និងធានាប្រភពថាមពល យល់ព្រមគាំទ្រសភាបារាំងក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ល។
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់បារាំងក្នុងវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ សុខាភិបាល វប្បធម៌ បណ្ណសារតំកល់ទុក និងការអភិរក្សជាដើម ព្រមទាំងស្នើឱ្យភាគីទាំងពីរធ្វើឲ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះថែមទៀត។
ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព វិបុលភាព និងសណ្តាប់ធ្នាប់ដោយឈរលើច្បាប់អន្តរជាតិ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងសម្តែងការគាំទ្រគោលជំហររបស់អាស៊ានក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕
បកប្រែដោយ Huyen Trang