បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Tan Sri Dato' Johari bin Abdul ប្រធានសភាជាន់ទាប បានជួបពិភាក្សាជាមួយគ្នា។
ជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញសភា
នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវឌ្ឍជាវិជ្ជមាន និងជាក់ស្តែងរបស់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសព្រឹត្តិការណ៍នៃការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទៅកាន់ម៉ាឡេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលជាការបើកទំព័រថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅថែមទៀត។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Tan Sri Dato' Johari bin Abdul ប្រធានសភាជាន់ទាបម៉ាឡេស៊ី |
ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-ម៉ាឡេស៊ីក្នុងដំណាក់កាលថ្មីឱ្យកាន់តែមានប្រសិទ្ធភាព ស៊ីជម្រៅ និងជាក់ស្តែងថែមទៀត ភាគីទាំងពីរបានចាត់ទុកថា ចាំបាច់ត្រូវបន្តពង្រឹងទំនុកចិត្តខាងនយោបាយ អនុវត្តឱ្យបានឆាប់នូវកម្មវិធីសកម្មភាពដំណាក់កាល ២០២៥-២០៣០ ដើម្បីដាក់ពង្រាយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសម្រេចឱ្យបានឆាប់នូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៨ ពាន់លានដុល្លារអាមេរិកក្នុងទិសដៅមានតុល្យភាពជាងមុន ដោយផ្តោតលើវិស័យសក្តានុពលដូចជា៖ ហាឡាល ថាមពលកកើតឡើងវិញ ថាមពលបៃតង បរិវត្តកម្មឌីជីថល កសិកម្ម ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រ សម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) បង្កើតលក្ខខណ្ឌសម្រាប់ EU ក្នុងការដក “កាតលឿង” សម្រាប់ឧស្សាហកម្មជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរក៏បានឯកភាពបង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ មិនត្រឹមតែពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសហគមន៍អាស៊ានទៀតផង។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញសភា ជំរុញកិច្ចសហប្រតិបត្តិការលើការឃ្លាំមើលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។ រដ្ឋសភាវៀតណាម និងសភាម៉ាឡេស៊ីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដូចជា AIPA សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ... រួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
សម្របសម្រួលក្នុងការឃ្លាំមើលកិច្ចព្រមព្រៀងទ្វេភាគីប្រកបដោយប្រសិទ្ធភាព
នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការព្រឹទ្ធសភាម៉ាឡេស៊ីនៅទីក្រុង Kuala Lumpur លោក Tran Thanh Man ប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយលោក Dato' Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី។
លោក Dato' Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភា បានចាត់ទុកថា រួមជាមួយជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម (ខែវិច្ឆិកា ឆ្នាំ២០២៤) និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (ខែឧសភា ឆ្នាំ២០២៥) ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ អនុវត្តទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បង្ហាញពីកិច្ចសន្យារបស់វៀតណាមរួមជាមួយសភានៃបណ្តាប្រទេសអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន “និរន្តរភាព និងបរិយាប័ន្ន” សាមគ្គី ខ្លួនទីពឹងខ្លួន និងបន្តដើរតួនាទីជាមជ្ឈភាពក្នុងនិម្មាបនកម្មតំបន់។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Dato' Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអះអាងនូវគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការយកចិត្តទុកដាក់ និងមានបំណងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយម៉ាឡេស៊ី ដើម្បីបំពេញផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកកសាងអាស៊ានសាមគ្គី ឯកភាព រឹងមាំ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងលោក Tran Thanh Man បញ្ជាក់ពីការគាំទ្រចំពោះប្រធានបទ "និរន្តរភាព និងបរិយាប័ន្ន" នៃឆ្នាំអាស៊ាន ២០២៥ និងសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី និងប្រទេសជាសមាជិក ដើម្បីអនុវត្តអាទិភាពដែលបានលើកឡើង។
ក្នុងបរិបទស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមានការវិវឌ្ឍជាច្រើន ភាគីទាំងពីរបានឯកភាពបន្តគាំទ្រ និងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញការអនុវត្តទិសដៅសហប្រតិបត្តិការដែលភាគីទាំងពីរបានលើកឡើងរួមមាន៖ ពង្រឹងទំនុកចិត្តខាងនយោបាយ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់ការរាំងស្ទះផ្នែកច្បាប់មួយចំនួន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនម៉ាឡេស៊ី បង្កើនការវិនិយោគនៅវៀតណាម អភិវឌ្ឍឧស្សាហកម្មហាឡាល ក៏ដូចជាសម្របសម្រួលដោះស្រាយបញ្ហាទប់ស្កាត់ការនេសាទ IUU និងបង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
ភាគីទាំងពីរបានអះអាងថានឹងបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍ ជាពិសេសរវាងគណៈកម្មាធិការជំនាញនៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង ក្នុងការកសាង និងបំពេញក្របខ័ណ្ឌច្បាប់សមស្របមួយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរនឹងសម្របសម្រួលក្នុងការឃ្លាំមើល កិច្ចព្រមព្រៀងទ្វេភាគីប្រកបដោយប្រសិទ្ធភាព ជាពិសេសការកសាងកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ម៉ាឡេស៊ី រួមទាំងខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភាផងដែរ។
ភាគីទាំងពីរបានឯកភាពសម្របសម្រួលរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីកសាងអាស៊ានសាមគ្គីភាព បរិយាប័ន្ន និងខ្លួនទីពឹងខ្លួន លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន ជាពិសេសក្នុងបញ្ហាសមុទ្រខាងកើត រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
នាថ្ងៃដដែល លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ីបានជាអធិបតីនៃពិធីលៀងសាយភោជន៍យ៉ាងអធិកអធម ដើម្បីស្វាគមន៍លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម៕
បកប្រែដោយ Huyen Trang