ឆ្នាំ ២០២៥ មានសារៈសំខាន់ពិសេស ខណៈវាជាខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ។ ដូច្នេះ សម័យប្រជុំឆ្នាំនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធិផល និងមេរៀននានា ចាប់តាំងពីអង្គការសហប្រជាជាតិចាប់បដិសន្ធិឡើង ក្នុងបរិបទពហុភាគីនិយម និងជាពិសេសអង្គការសហប្រជាជាតិកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំធេងទាំងក្នុង និងក្រៅប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងប្រព័ន្ធអភិបាលកិច្ចសកលសហសម័យ អង្គការសហប្រជាជាតិនៅតែបន្តដើរតួនាទីមិនអាចជំនួសបានជាមួយនឹងភាពជាសកល និងភាពស្របច្បាប់ក្នុងការប្រមូលផ្តុំឆន្ទៈរួមរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារតម្លៃរួមរបស់មនុស្សជាតិ។ កិច្ចពិភាក្សាទូទៅកម្រិត​ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨០ ឆ្នាំនេះ ក្រោមប្រធានបទ "៨០ ឆ្នាំរួមគ្នា និងលើសពីនេះ ដើម្បីសន្តិភាព ការអភិវឌ្ឍ និងប្រជាជន" ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម​ និងភរិយា

ក្រោយរយៈពេលជិត ៥ ទស្សវត្សរ៍ ចាប់តាំងពីវៀតណាមបានចូលជាសមាជិកអង្គការសហប្រជាជាតិ (ឆ្នាំ១៩៧៧) កិច្ចសហប្រតិបត្តិការលើគ្របវិស័យរវាងវៀតណាម និងអង្គការសហប្រជាជាតិត្រូវបានពង្រឹង និងពង្រីក​ជាបន្តបន្ទាប់ក្នុងដំណើរការកសាង ការពារមាតុភូមិ និងអភិវឌ្ឍប្រទេស។ ការចូលរួមរបស់វៀតណាមនៅអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានបង្កើតនូវកម្លាងចលករ និងផ្តល់ធនធានសំខាន់ៗសម្រាប់វៀតណាមក្នុងការអនុវត្តដំណើរការផ្លាស់ប្តូរ​ថ្មី​ បើកទ្វារ ធ្វើ​សមាហរណកម្មអន្តរជាតិ។ វៀតណាមបាន និងកំពុងរួមចំណែកកាន់តែច្រើនឡើងលើផ្នែកគំនិត មនុស្ស និងធនធាននៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ហើយត្រូវបានថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិមានការជឿជាក់ និងរំពឹងទុកយ៉ាងខ្លាំង។ នាបច្ចុប្បន្ន វៀតណាមក៏ទទួលបន្ទុកអន្តរជាតិសំខាន់ៗជាច្រើន ហើយបន្តដំណើរការយ៉ាងសកម្មសម្រាប់មុខតំណែងក្នុងយន្តការ និងអង្គការពហុភាគីសំខាន់ៗជាច្រើន។

ទន្ទឹមនឹងនោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកបានបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយ រក្សាបាននូវសន្ទុះវិជ្ជមាន និងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ បង្កើនគុណភាពយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើគ្រប់វិស័យ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ តាមរយៈការផ្លាស់ប្តូរនេះ មេដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់បណ្តាញ និងគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់។ ដំណើរបំពេញទស្សនកិច្ច​ការងាររបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម កាន់តែមានអត្ថន័យថែមទៀត ខណៈដែលក្នុង​ឱកាស​​ខួបលើកទី ២ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ហើយ​និងប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនង។ ដោយហេតុនេះ បង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់មេដឹកនាំជាន់ខ្ពស់ និងគោលនយោបាយរបស់បក្ស និងរដ្ឋរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

ការដែល​ លោក Luong Cuong ប្រធានរដ្ឋវៀតណាម ចូលរួមកិច្ចពិភាក្សាទូទៅកម្រិត​ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨០ ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្ម និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការអះអាង និងលើកកំពស់តួនាទីអន្តរជាតិរបស់វៀតណាម សំដែងសារអំពីទស្សនៈរបស់វៀតណាមលើការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

តាមរយៈសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក ក៏ដូចជាការទំនាក់ទំនង និងជំនួបរបស់ប្រធានរដ្ឋ​វៀត​ណាម ជាមួយអាជ្ញាធរ​ មិត្តភ័ក្តិ ធុរកិច្ច អ្នកជំនាញ អ្នកប្រាជ្ញ នៃសហរដ្ឋ​អាមេរីក និងសហគមន៍វៀតណាមក្នុងប្រទេសសាមីនោះ ក៏រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយ​និ​ង​ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន បង្ហាញពីគោលនយោបាយមហាសាមគ្គី​ជាតិ​ និងទាក់ទាញធនធានបន្ថែមទៀត ដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ​។

យើងជឿជាក់ និងរំពឹងថា ដំណើរបំពេញទស្សនកិច្ច​ការងាររបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម លើក​នេះ នឹងទទួលជោគជ័យជាច្រើន ជាពិសេសគឺការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិ ដៃគូអន្តរជាតិ និងមិត្តភ័ក្តិ ឱ្យបន្ត​ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិកឱ្យកាន់តែស៊ីជម្រៅ អនុវត្តជាក់ស្តែងការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។

បកប្រែដោយ Duy Hoan