លោក Luong Cuong ប្រធានរដ្ឋវៀតណាម ថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ៖ គោរពតម្លៃសន្តិភាព ការផ្លាស់ប្តូរយ៉ាងសកម្មដើម្បីបង្កើតអនាគតប្រកបដោយចីរភាព
កប.អនឡាញ - នាថ្ងៃទី២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅកិច្ចពិភាក្សាទូទៅជាន់ខ្ពស់សម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ជាមួយនឹងសារដ៏សំខាន់ “គោរពតម្លៃសន្តិភាព ការផ្លាស់ប្តូរយ៉ាងសកម្ម ដើម្បីបង្កើតអនាគតប្រកបដោយចីរភាព”។
នៅក្នុងសុន្ទរកថារបស់លោកប្រធានរដ្ឋបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិតែងតែតំណាងឱ្យសេចក្តីប្រាថ្នារួមរបស់មនុស្សជាតិអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយផ្អែកលើតម្លៃសកលនៃសិទ្ធិមនុស្ស ឯករាជ្យជាតិ សមភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដូចជា៖ ជម្លោះ ការប្រណាំងអាវុធ ការប្រើប្រាស់កម្លាំង ការគំរាមកំហែងនៃកម្លាំង ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចធំៗ ឯកតោភាគីនិយម និងការធ្លាក់ចុះយ៉ាងខ្លាំងនៃការប្តេជ្ញាចិត្តផ្នែកនយោបាយ និងធនធានជាដើម។ អាស្រ័យហេតុនោះ លោកប្រធានរដ្ឋបានអំពាវនាវឱ្យសហគមន៍អន្តរជាតិលើកកម្ពស់ពហុភាគីនិយម និងប្រព័ន្ធអន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ ដោយមានអង្គការសហប្រជាជាតិជាមជ្ឈភាព។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ ថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn) |
ដោយអះអាងថាសន្តិភាពគឺជាគោលដៅ និងតម្រូវការជាមុនបងអស់សម្រាប់ការកសាងអនាគតស្ថិរភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងវិបុលភាព លោកប្រធានរដ្ឋបានអំពាវនាវឱ្យប្រទេសនានាគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនប្រើកម្លាំង ឬគម្រាមប្រើកម្លាំង និងដោះស្រាយវិវាទដោយសន្តិវិធី។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ ថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn) |
លើកកម្ពស់វប្បធម៌សន្តិភាពតាមរយៈការកសាងទំនុកចិត្ត សាមគ្គីភាពអន្តរជាតិ ការសន្ទនា និងការគោរពចំពោះភាពខុសគ្នា លោកប្រធានរដ្ឋបានអំពាវនាវឱ្យមានបទឈប់បាញ់ ការបញ្ចប់អំពើហិង្សា ការការពារជនស៊ីវិល និងការសម្របសម្រួលឱ្យសកម្មភាពមនុស្សធម៌នៅក្នុងតំបន់ជម្លោះ។ លោកបានវាយតំលៃខ្ពស់ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយប្រទេសជាច្រើន និងបានអំពាវនាវឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយបានស្នើឱ្យសហរដ្ឋអាមេរិកដកការហ៊ុមព័ទ្ធប្រឆាំងនឹងគុយបា និងដកគុយបាចេញពីបញ្ជីអ្នកឧបត្ថម្ភភេរវកម្ម។ លោកប្រធានរដ្ឋវៀតណាម បានលើកឡើងពីតួនាទីរបស់រាល់អង្គការតំបន់ ដែលក្នុងនោះអាស៊ានមានតួនាទីស្នូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សកម្មក្នុងការកសាងសហគមន៍អាស៊ានដែលមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព។ ជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ អនុវត្តការឯកភាព ៥ ចំណុចដំណាលគ្នាអំពីមីយ៉ាន់ម៉ា និងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ដើម្បីបង្កើតអនាគតប្រកបដោយនិរន្តរភាព លោកប្រធានរដ្ឋបានអំពាវនាវឱ្យមានកំណែទម្រង់ស្ថាប័នអភិបាលកិច្ចសាកលពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុ និងរូបិយវត្ថុអន្តរជាតិ ដើម្បីសម្របខ្លួនឱ្យកាន់តែប្រសើរឡើង ធានាបាននូវភាពត្រឹមត្រូវ តម្លាភាព ប្រតិបត្តិការស៊ីសង្វាក់គ្នា ប្រសិទ្ធភាព និងបំពេញតម្រូវការរបស់ប្រទេស និងប្រជាជនទាំងអស់ឱ្យកាន់តែប្រសើរឡើង។
ដើម្បីបង្កើនប្រសិទ្ធភាពនៃគំរូអភិវឌ្ឍប្រកបដោយចីរភាពដោយផ្អែកលើការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រទេសនានាទាំងអស់គប្បីតែកសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វិនិយោគច្រើនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបៃតង ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្ទេរបច្ចេកវិទ្យា និងកៀងគរហិរញ្ញវត្ថុបៃតង ប្រទេសអភិវឌ្ឍន៍ត្រូវចែករំលែក និងផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក Luong Cuong ប្រធានរដ្ឋ បានចែករំលែករឿងរ៉ាវរបស់វៀតណាម ពោលគឺវៀតណាមបានរស់ឡើងវិញពីគំនរបាក់បែកនៃសង្គ្រាម ពីប្រទេសក្រីក្រ ថយក្រោយ សមត្ថភាពកម្រិតទាប រងការឡោមព័ទ្ធ ហ៊ុមព័ទ្ធ តែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
ទោះបីជាមានដែនកំណត់ជាច្រើនដែលត្រូវជំនះក៏ដោយ ប៉ុន្តែលោកបានអះអាងថា វៀតណាមប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រដើម្បីក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
លោក Luong Cuong ប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលខំប្រឹងប្រែងអស់ពីសមត្ថភាព និងប្រកៀកស្មាជាមួយប្រទេសទាំងអស់ក្នុងការទទួលខុសត្រូវរួម ជំនះឧបសគ្គ ជំរុញការផ្លាស់ប្តូរដ៏រឹងមាំ ដើម្បីបង្កើតពិភពលោកសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវសុភមង្គល និងវិបុលភាពដល់ប្រជាជនទាំងអស់។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានមានកិត្តិយស អញ្ជើញប្រទេសនានាមកទីក្រុងហាណូយ ដើម្បីចូលរួមពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត នាថ្ងៃទី ២៥ តុលាខាងមុខនេះ ហើយបាននិយាយថា វៀតណាមកំពុងរៀបចំយ៉ាងសកម្មដើម្បីទទួលតួនាទីជាប្រធាននៃសន្និសីទត្រួតពិនិត្យសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ ២០២៦។ ទន្ទឹមនឹងនោះ លោកបានស្នើសុំប្រទេសទាំងអស់គាំទ្របេក្ខភាពរបស់វៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៦-២០២៨ និងធ្វើជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រសម្រាប់អាណត្តិ ២០២៦-២០៣៦៕
បកប្រែដោយ Minh Trung