វៀតណាម និងទូវ៉ាលូ បង្កើតទំនាក់ទំនងការទូត
កប.អនឡាញ - នារសៀលថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងមូលដ្ឋាន (ព្រឹកថ្ងៃទី២៥ ខែកញ្ញា ម៉ោងនៅទីក្រុងហាណូយ) នៅទីស្នាក់ការនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម និងលោក Paulson Panapa រដ្ឋមន្ត្រីក្រសួងការបរទេស ការងារ និងពាណិជ្ជកម្មទូវ៉ាលូ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្ដីពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមជាមួយទូវ៉ាលូ។
    |
 |
លោក Le Hoai Trung និងលោក Paulson Panapa ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (រូបថត៖ vnanet.vn) |
បន្ទាប់ពីពិធីចុះហត្ថលេខានោះ លោក Le Hoai Trung និងលោក Paulson Panapa បានពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ភាគីទាំងពីរបានអះអាងថា ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយឯកភាពបន្តការផ្លាស់ប្តូរដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពល ដូចជាសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និងការអប់រំ។ ភាគីទាំងពីរក៏បានឯកភាពសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក។
ក្នុងឱកាសនេះ លោក Le Hoai Trung បានអញ្ជើញលោក Paulson Panapa បំពេញទស្សនកិច្ចនៅវៀតណាម ហើយ Paulson Panapa បានទទួលការអញ្ជើញនេះ។
មុននឹងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ទូវ៉ាលូមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១២៣ ដែលក្នុងនោះមានប្រទេសសមាជិកចំនួន ៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ កម្ពុជា និងឥណ្ឌូនេស៊ី៕
បកប្រែដោយ Thanh Cong