ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ (AEM) នាថ្ងៃទី ២៤ ខែកញ្ញា រដ្ឋមន្ត្រីអាស៊ានបានពិភាក្សាជាមួយដៃគូសន្ទនាសំខាន់ៗរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ចឲ្យ​កាន់តែជិតស្និទ្ធថែម​ទៀត​។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មាន លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រី និងដៃគូអាស៊ាន បានផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីបង្កើនតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការរក្សាស្ថិរភាព និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ AEM-57​ (រូបថត៖ vnanet.vn)

មានប្រសាសន៍បន្ទាប់ពីការពិគ្រោះយោបល់នានា លោក Zafrul Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានថ្លែងថា អាស៊ានកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតប្រព័ន្ធអេកូពាណិជ្ជកម្ម និងវិនិយោគដែលបើកចំហ មានភាពធន់ និងត្រៀមខ្លួនជាស្រេចនាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា អាស៊ាន «មិនរង់ចាំឱកាសទេ ដែលត្រូវបង្កើតឱកាសវិញ»។

ការពិគ្រោះយោបល់នានាទទួល​បាន​ការឯកភាពគ្នា​សំខាន់ៗជាច្រើន ដែលក្នុងនោះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងចិន បានឯកភាពជាគោលការណ៍ក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។

គោលដៅអាទិភាពមួយក្នុងចំណោមគោលដៅអាទិភាពទាំងឡាយគឺការចុះហត្ថលេខាលើពិធីសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) នៅខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជាមួយនឹងការរំពឹងទុកនៃការដំឡើងក្របខ័ណ្ឌពាណិជ្ជកម្មឡើងកម្រិតថ្មីមួយ ដោយផ្អែកលើច្បាប់ និងសមស្របនឹងបរិបទនាពេលអនាគត។

ទន្ទឹមនឹង​នេះ នៅឯការពិគ្រោះយោបល់ជាមួយដៃគូជប៉ុន ភាគីនានាបានផ្តោតទៅលើការ​ដំឡើង​ទំនាក់ទំនង​​ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP) ដោយពិភាក្សាលើបញ្ហាមួយចំនួនដូចជា ភាពធន់នៃសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងការកសាងអាស៊ានមួយ​ប្រកបដោយ​បរិយាប័ន្ន។

ដូចគ្នានេះដែរ នៅក្នុងកិច្ចប្រជុំជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ភាគីនានាបានពិភាក្សាអំពីការពិនិត្យឡើងវិញនៃក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគ (TIFA) សម្រាប់រយៈពេល ២០២៤-២០២៥ និងបានអនុម័តលើផែនការការងារ TIFA សម្រាប់រយៈពេល ២០២៥-២០២៦ ជា​មួយ​នឹងវិស័យសហប្រតិបត្តិការសំខាន់ៗ​រួមមាន សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍ MSME ការសម្របសម្រួលពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា។

លើសពីនេះ ការពិគ្រោះយោបល់អាស៊ាន+៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) បានពិភាក្សាលើការបង្កើនការទាញយកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) សេដ្ឋកិច្ចឌីជីថល ការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាមួយចំនួន៕

បកប្រែដោយ Duy Hoan