កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកឥណ្ឌូ-ប៉ាស៊ីហ្វិក
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Ronald Clark មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានចូលរួមកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកឥណ្ឌូ-ប៉ាស៊ីហ្វិក (IPACC) លើកទី ១៤ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា។
កិច្ចប្រជុំ IPACC ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយ USARPAC និងកងទ័ពជើកគោកម៉ាឡេស៊ី ក្រោមប្រធានបទ "បង្កើតការរួមបញ្ចូលគ្នា៖ ការធ្វើបរិវត្តកម្មបណ្តាញថាមពលកងទ័ពជើងគោកពហុជាតិ តាមរយៈការជួបជុំបើកចំហ"។
នៅខាងក្រៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានមានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីម៉ុងហ្គោលី សហរដ្ឋអាមេរិក និងអូស្ត្រាលី។
នៅក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ត្រី Buyandelger Tseveenkhuu សេនាធិការកងទ័ពជើងគោកម៉ុងហ្គោលី លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងគោកនាពេលខាងមុខ តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នាស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការផ្លាស់ប្តូរជំនាញបាញ់កាំភ្លើងយោធា ព្រមទាំងស្នើឱ្យភាគីទាំងពីរសិក្សាពីលទ្ធភាពនៃការផ្លាស់ប្តូរបទពិសោធន៍ក្នុងការធានាអាវុធ និងឧបករណ៍សម្រាប់កងទ័ពជើងគោក។
    |
 |
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Joel Vowell មេបញ្ជាការរង USARPAC |
នៅក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ទោ Joel Vowell មេបញ្ជាការរង USARPAC លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-អាមេរិក នាពេលកន្លងមក ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមចំណែកជាវិជ្ជមានរបស់ USARPAC។ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានស្នើឲ្យ USARPAC ជំរុញរដ្ឋាភិបាល និងក្រសួងការពារជាតិអាមេរិក បន្តអនុវត្តកិច្ចសន្យាក្នុងការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែក មីន និងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាម ព្រមទាំងសម្របសម្រួលដើម្បីបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកកងទ័ពវៀតណាម និងយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម ទន្ទឹមនឹងនោះ សម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មយោធា។
ក្នុងជំនួបទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ទោ Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យយោធា ការចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងការបាញ់កាំភ្លើងយោធា។ លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានស្នើឱ្យកងទ័ពជើងគោកអូស្ត្រាលីបន្តសម្របសម្រួលអនុវត្តជាប្រចាំនូវការប្រយុទ្ធប្រឆាំងភេរវកម្ម និងការបាញ់កាំភ្លើងយោធាជាមួយភាគីវៀតណាម៕
បកប្រែដោយ Huyen Trang