សេចក្តីព្រាងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម បានដាក់ជូនមហាសន្និបាតលើកទី១២ នៃគណៈកម្មាធិការបក្សកងទ័ព បានអះអាងថា៖ ការធ្វើសមាហរណកម្ម និងការទូតការពារជាតិ បន្តត្រូវបានលើកតម្កើង រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេស និងកងទ័ព។
    |
 |
សម័យប្រជុំពេញអង្គទី១ ក្រោមប្រធានបទ "ការកសាងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលដោយយុត្តិធម៌ និងសមហេតុផល" នៅវេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី១២ |
ពង្រឹងសកម្មភាពជាក់លាក់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
ជាមួយនឹងតួនាទីដ៏ពិសេស និងជាយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការទូតរដ្ឋ ការទូតការពារជាតិរបស់វៀតណាម បានសបង្ហាញពីភាពចាស់ទុំខាងនយោបាយ ការគិតជាយុទ្ធសាស្ត្រ និងសមត្ថភាពក្នុងការសម្របខ្លួនដោយភាពបត់បែនទៅនឹងបរិយាកាសអន្តរជាតិដែលប្រែប្រួល។ នេះមិនត្រឹមតែជាវិស័យជ្រោមជ្រែងប៉ុណ្ណោះទេ ថែមទាំងជាវិស័យត្រួសត្រាយ ជាធាតុផ្សំនៃកម្លាំងរួមនៃវិស័យការពារជាតិ រួមចំណែកក្នុងការអនុវត្តជោគជ័យនូវគោលដៅយុទ្ធសាស្ត្រការពារជាតិ រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស។
គោលនយោបាយការពារជាតិ “៤ ពុំ” របស់វៀតណាមបន្តជាមូលដ្ឋានគ្រឹះក្នុងគ្រប់សកម្មភាពការទូតការពារជាតិ បង្ហាញយ៉ាងច្បាស់នូវលក្ខណៈចរិតនៃសន្តិភាព និងការការពារស្វ័យភាព ទន្ទឹមនឹងការបញ្ជាក់ជំហរឯករាជ្យ និងស្វ័យភាពរបស់ខ្លួន មិនចងសម្ព័ន្ធភាពជាមួយភាគីម្ខាងដើម្បីប្រឆាំងភាគីម្ខាងទៀតជាដាច់ខាត។ នោះហើយជាអ្វីដែលជួយវៀតណាមកសាងមុខមាត់ប្រទេសប្រកបដោយការទទួលខុសត្រូវ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ក្នុងអាណត្តិកន្លងមក ការទូតការពារជាតិរបស់វៀតណាមត្រូវបានដាក់ពង្រាយស្របគ្នាលើបណ្តាញទ្វេភាគី និងពហុភាគី។ នៅលើបណ្តាញទ្វេភាគី វៀតណាមបានបង្កើត និងរក្សាទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេស និងអង្គការអន្តរជាតិជាង ១០០។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការសន្ទនាគោលនយោបាយការពារជាតិ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រយោធា ជំនួយមនុស្សធម៌ ការស្វែងរក និងជួយសង្គ្រោះ ការយកឈ្នះលើផលវិបាកនៃសង្គ្រាម ... ត្រូវបានរៀបចំកាន់តែច្រើនឡើងជាប្រព័ន្ធ ស៊ីជម្រៅ និងស្របតាមលក្ខណៈរបស់ដៃគូនីមួយៗ។
លើបណ្តាញពហុភាគី វៀតណាមចូលរួមយ៉ាងសកម្មក្នុងវេទិកាការពារ និងសន្តិសុខក្នុងតំបន់ និងពិភពលោក ដូចជា ADMM+, ARF, Shangri-La... ក្នុងវេទិកាទាំងនេះ វៀតណាមមិនត្រឹមតែបង្ហាញនូវតួនាទីរបស់ខ្លួនជាសមាជិកដែលមានការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមជាច្រើន រួមចំណែកកសាងនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសអាស៊ាន និងប្រទេសជាដៃគូ។
ចំណុចពិសេសមួយគឺសកម្មភាពផ្លាស់ប្តូរប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនជាមួយចិន ឡាវ កម្ពុជា... ព្រឹត្តិការណ៍ទាំងនេះបានរួមចំណែកក្នុងការកសាងទំនុកចិត្តផ្នែកនយោបាយរវាងកងកម្លាំងប្រដាប់អាវុធ និងបង្កើតបរិយាកាសសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន។
សក្ខីភាពច្បាស់លាស់បង្ហាញពីពីការទទួលខុសត្រូវអន្តរជាតិ
ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅមុខក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់កងទ័ពប្រជាជនវៀតណាម។ ចាប់តាំងពីឆ្នាំ២០១៤ មក វៀតណាមបានបញ្ជូនកម្មាភិបាលទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បន្ទាប់មកបានដាក់ពង្រាយកងពេទ្យកម្រិត ២ និងថ្មីៗនេះក្រុមវិស្វករទៅកាន់បេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅ Abyei។ នេះគឺជាវិស័យសហប្រតិបត្តិការអន្តរជាតិដែលទាមទារឱ្យមានវិជ្ជាជីវៈ វិន័យ និងក្រមសីលធម៌យោធាខ្ពស់ៗ។
កម្មាភិបាល និងអង្គភាពនានារបស់វៀតណាមបានបង្ហាញពីសមត្ថភាពដ៏ទូលំទូលាយរបស់ពួកគេក្នុងបរិយាកាសអន្តរជាតិដ៏សម្បូរបែប និងមិនងាយស្រួល។ ជាពិសេស ការដែលកងទ័ពប្រជាជនវៀតណាមបានបញ្ជូនកម្លាំងជាលើកដំបូងដើម្បីចូលរួមជួយសង្គ្រោះ និងជួយជំនះផលវិបាកនៃគ្រោះរញ្ជួយដីនៅប្រទេសទួរគី (កុម្ភៈ ២០២៣) និងមីយ៉ាន់ម៉ា (មិនា ២០២៥) គឺជាការបង្ហាញយ៉ាងច្បាស់និងរស់រវើកនៃបាវចនាគោលនយោបាយការបរទេសរបស់បក្ស ដោយបញ្ជាក់ថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាមិត្ត សមាជិក ដៃគូអន្តរជាតិ បង្ហាញពីទំនៀមទំលាប់ល្អ និងសីលធម៌ “ស្រលាញ់អ្នកដ៏ទៃ ដូចស្រលាញ់ខ្លួនឯង” របស់ប្រជាជនវៀតណាម។ សកម្មភាពទាំងនេះត្រូវបានវាយតម្លៃខ្ពស់ដោយរដ្ឋាភិបាល ប្រជាជននៃប្រទេសម្ចាស់ផ្ទះ និងសហគមន៍អន្តរជាតិ។
ពង្រីកការទូតការពារជាតិលើគ្រប់វិស័យ ទំនើប និងអាចបត់បែនបាន
ក្នុងបរិបទពិភពលោក និងតំបន់កំពុងបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រយ៉ាងខ្លាំងក្លាក្នុងចំណោមប្រទេសធំៗ និងការបង្កើនអស្ថិរភាពសន្តិសុខមិនប្រពៃណីនោះ សេចក្តីព្រាងរបាយការណ៍នយោបាយដែលបានដាក់ជូនមហាសន្និបាតបក្សលើកទី១២ បានកំណត់យ៉ាងច្បាស់នូវទិសដៅសំខាន់ៗ ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចការទូតការពារជាតិ រួមចំណែកបរិយាកាសដ៏សំខាន់ តួនាទី និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម បម្រើយ៉ាងមានប្រសិទ្ធភាពក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ជាដំបូង ចាំបាច់ត្រូវធ្វើសមកាលកម្មដំណោះស្រាយ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិ។ ក្នុងនោះផ្តោតលើការកសាងកម្មវិធី និងផែនការអភិវឌ្ឍសក្តានុពលនៃការទូតការពារជាតិ ឱ្យស្របតាមតម្រូវការការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី; បន្តចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងវេទិកាការពារជាតិក្នុងតំបន់ និងអន្តរជាតិ។
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ចាំបាច់ត្រូវបង្កើតខ្លឹមសារ និងវិធីសាស្រ្តនៃការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយភាពបត់បែន ជាក់ស្តែង សមស្របនឹងលក្ខណៈរបស់ដៃគូនីមួយៗ។ ជាពិសេស ផ្តោតលើការពង្រីក និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានសក្តានុពលខ្លាំង ចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងមានផលប្រយោជន៍រួមចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នៅលើមូលដ្ឋាននោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា សន្តិសុខមិនប្រពៃណី ភស្តុភារ-បច្ចេកវិទ្យា និងការរក្សាសន្តិភាព។
ក្នុងយុគសម័យនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ វិស័យការពារជាតិមិនត្រឹមតែជាបណ្តាញកិច្ចសហប្រតិបត្តិការយោធាសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាធាតុសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដ៏ទូលំទូលាយ។ វិស័យការទូតការពារជាតិមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ បរិស្ថាន និងសន្តិសុខសង្គម។ ការរៀបចំសិក្ខាសាលាអន្តរជាតិអំពីសន្តិសុខដែនសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត សន្តិសុខទឹក ការប្រែប្រួលអាកាសធាតុជាដើម រួមចំណែកលើកកំពស់តួនាទី និងសំឡេងរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ បង្ហាញពីជំហររបស់ខ្លួនជាប្រទេសដែលមានការការទទួលខុសត្រូវ និងកសាងសន្តិភាព។
ទិសដៅមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ដូចជា បញ្ញាសិប្បនិមិត្ត ការផ្លាស់ប្តូរឌីជីថល ឧស្សាហកម្មការពារទំនើប សន្តិសុខអ៊ីនធឺណិត លំហ និងទិន្នន័យធំ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ វៀតណាមអាចទាញយកប្រយោជន៍ពីកាលានុវត្តភាពក្នុងការទទួលបានបច្ចេកវិទ្យាជឿនលឿន បង្កើនស្វ័យភាពជាយុទ្ធសាស្ត្រ និងសម្របខ្លួនទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណី។
ក្នុងរយៈពេលវែង ចាំបាច់ត្រូវបន្តកំណត់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាឧបករណ៍យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិនត្រឹមតែទប់ស្កាត់ជម្លោះ និងរក្សាបរិយាកាសសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ការការពារជាតិត្រូវតែភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការកសាងជំហរការពារជាតិដ៏រឹងមាំ។
ក្រោមការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យ ការគ្រប់គ្រងរបស់រដ្ឋ ការតម្រង់ទិសដៅជិតស្និទ្ធរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស រួមនិងស្មារតីសកម្ម និងភាពច្នៃប្រឌិតរបស់កម្មាភិបាល យុទ្ធជននៃកងទ័ពទាំងមូល ពីបទពិសោធន៍ និងលទ្ធផលដែលសម្រេចបានក្នុងអាណត្តិកន្លងមក ការទូតការពារជាតិវៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងធំធេង ក្លាយជាឧបករណ៍សំខាន់សម្រាប់ការពារប្រទេសជាតិ មាតុភូមិក្នុងគ្រប់កាលៈទេសៈទាំងអស់៕
បកប្រែដោយ Minh Trung