ពង្រីកកិច្ចសហប្រតិបត្តិការសភា នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់វៀតណាម - សហព័ន្ធរុស្ស៊ី
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម លោក Vyacheslav Volodin ប្រធានឌូម៉ាជាតិសភាសហព័ន្ធរុស្ស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី២៨ ខែកញ្ញា នៅវិមានរដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Vyacheslav Volodin ប្រធានឌូម៉ាជាតិសហព័ន្ធរុស្ស៊ី បានជួបពិភាក្សាការងារជាមួយគ្នា។
នៅក្នុងកិច្ចពិភាក្សា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ច ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ព្រមទាំងសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យក្នុងរយៈពេលមួយឆ្នាំកន្លងមក។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឲ្យឌូម៉ាជាតិសហព័ន្ធរុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយរដ្ឋសភាវៀតណាម។
លោក Vyacheslav Volodin ប្រធានឌូម៉ាជាតិ បានអះអាងថា រូបលោកផ្ទាល់ និងឌូម៉ាជាតិសហព័ន្ធរុស្ស៊ី តែងតែគាំទ្រការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេច រួមជាមួយរដ្ឋសភាវៀតណាម គាំទ្រប្រទេសទាំងពីរបន្តពង្រីកយន្តការ និងទិសដៅសហប្រតិបត្តិការថ្មី។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Vyacheslav Volodin ប្រធានឌូម៉ាជាតិសហព័ន្ធរុស្ស៊ី |
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Vyacheslav Volodin ប្រធានឌូម៉ាជាតិ បានទទួលស្គាល់តួនាទីសំខាន់នៃយន្តការសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តរសភាក្នុងការត្រួតពិនិត្យ និងគាំទ្ររដ្ឋាភិបាលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងកិច្ចសន្យាកម្រិតខ្ពស់។
ភាគីទាំងពីរបានសម្តែងនូវការត្រៀមរៀបចំសម្រាប់ការសម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀត ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ ភាគីទាំងពីរបានទទួលស្គាល់លទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន ក៏ដូចជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាម។
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Vyacheslav Volodin ប្រធានឌូម៉ាជាតិសហព័ន្ធរុស្ស៊ី ក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ការអប់រំ និងបណ្តុះបណ្តាលឱ្យស៊ីជម្រៅថែមទៀត។ ស្តីពីកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាពគាំទ្រស្ថាប័នជំនាញនៃប្រទេសទាំងពីរ បន្តពង្រីក និងធ្វើឲ្យស៊ីជម្រៅ និងធ្វើពិពិធកម្មទម្រង់ការជួបជុំថែមទៀត ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ដោយទាន់ពេលវេលាក្នុងការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងសកម្មភាពនីតិប្បញ្ញត្តិ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះស្ថាប័ន គណៈកម្មាធិការនៃរដ្ឋសភា និងក្រុមសមាជិកសភាមិត្តភាព បង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជួយកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី អភិវឌ្ឍដោយរលូន នាំមកនូវផលប្រយោជន៍ និងលទ្ធផលជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យឌូម៉ាជាតិសហព័ន្ធរុស្ស៊ី និងរដ្ឋសភាវៀតណាមបង្កើតមូលដ្ឋានច្បាប់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍អាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី និងសហគមន៍អាណិកជនរុស្ស៊ីនៅវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ។
* នាថ្ងៃដដែល នៅវិមានរដ្ឋសភា ទីក្រុងហាណូយ បានប្រព្រឹត្តទៅសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភវៀតណាម និងឌូម៉ាជាតិសភាសហព័ន្ធរុស្ស៊ី។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Vyacheslav Volodin ប្រធានឌូម៉ាជាតិសហព័ន្ធរុស្ស៊ី បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Vyacheslav Volodin ប្រធានឌូម៉ាជាតិសហព័ន្ធរុស្ស៊ី ជាសហអធិបតីនៃកិច្ចប្រជុំ |
ក្នុងសុន្ទរកថាបើក ភាគីទាំងពីរបានអះអាងថា យន្តការសហប្រតិបត្តិការអន្តរសភាបានក្លាយជាបណ្តាញសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកសុក្រឹតច្រករបៀងច្បាប់ ជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថា ការរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាលើមូលដ្ឋានប្តូរវេណប្រចាំឆ្នាំ បង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការពង្រឹង ជំរុញ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិសហព័ន្ធរុស្ស៊ី ដោយហេតុនោះកំណត់យ៉ាងច្បាស់នូវទិសដៅនៃកិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរនាពេលខាងមុខ សមស្របទៅនឹងលក្ខណៈនៃទំនាក់ទំនងទ្វេភាគី និងតម្រូវការរបស់ភាគីទាំងពីរក្នុងបរិបទថ្មី៕
បកប្រែដោយ Huyen Trang