ជំហានធំនៃកិច្ចសហប្រតិបត្តិការសភាវៀតណាម-រុស្ស៊ី
កប.អនឡាញ - ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ីដឹកនាំដោយ លោក Vyacheslav Volodin ប្រធានឌូម៉ាជាតិ (សភាជាន់ទាប) រុស្ស៊ី នឹងក្លាយជាជំហានសំខាន់មួយឆ្ពោះទៅមុខក្នុងការអភិវឌ្ឍន៍ និងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសភា ដែលជាផ្នែកមិនអាចខ្វះបាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។
នេះជាការវាយតម្លៃរបស់ លោក Ivan Melnikov អនុប្រធានទីមួយនៃឌូម៉ាជាតិរុស្ស៊ី អនុប្រធានទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី មុននឹងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិរុស្ស៊ី របស់លោក Vyacheslav Volodin។
    |
 |
លោក Vyacheslav Volodin ប្រធានឌូម៉ាជាតិរដ្ឋសភាសហព័ន្ធរុស្ស៊ី |
លោក Ivan Melnikov បានឲ្យដឹងថា ទំនាក់ទំនងវៀតណាម-រុស្ស៊ីនាពេលនេះ មានភាពជិតស្និទ្ធិនៅគ្រប់កម្រិតទាំងអស់ រួមទាំងកម្រិតខ្ពស់បំផុតផងដែរ។ ជាប្រវត្តិសាស្ត្រ ប្រទេសទាំងពីរបានចែករំលែកការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅ។ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរត្រូវបានសាកល្បងតាមពេលវេលា។ លោក Ivan Melnikov បានសង្កត់ធ្ងន់ថា ការទូតសភាគឺជាឧបករណ៍សំខាន់មួយដើម្បីជួយលើកកម្ពស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក Vyacheslav Volodin គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិរុស្ស៊ីនឹងបើកសម័យប្រជុំលើកទី៤ សំដៅដោះស្រាយបញ្ហាគាំទ្រផ្នែកនីតិបញ្ញត្តិសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកិច្ចការមនុស្សធម៌។ គណៈកម្មាធិការក៏នឹងផ្តោតលើកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃប្រទេសទាំងពីរ រួមទាំងនៅក្នុងវេទិកាសភាអន្តរជាតិផងដែរ។
លោក Ivan Melnikov បានសន្និដ្ឋានថា ក្នុងរយៈពេលជិត ៤០ ឆ្នាំកន្លងមកនេះ វៀតណាមបានប្រែក្លាយខ្លួនទៅជាប្រទេសសង្គមនិយមទំនើប មានការអភិវឌ្ឍជាមួយនឹងសេដ្ឋកិច្ចទីផ្សារ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ យកឈ្នះលើបញ្ហាប្រឈមនានា វៀតណាមបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការផ្លាស់ប្តូរទៅកាន់ដំណាក់កាលអភិវឌ្ឍន៍បន្ត។