នៅក្នុងកិច្ចប្រជុំការងារ រដ្ឋមន្ត្រីក្រសួងសំណង់បានរាយការណ៍ថា គម្រោងវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh មានសមត្ថភាពទទួលអ្នកដំណើរ ១០០លាននាក់/ឆ្នាំ និងទំនិញ ៥លានតោន/ឆ្នាំ ផ្ទៃដីដែលបានប្រើប្រាស់មានចំនួន ៥,០០០ ហិកតា។ ការវិនិយោគនេះត្រូវបានបែងចែកជា ៣ ដំណាក់កាល។ ក្នុងនោះ ដំណាក់កាលទី ១ នឹងវិនិយោគលើការសាងសង់ផ្លូវរត់ចំនួន ២ ខ្សែនៅទិសខាងជើង និងស្ថានីយ៍អ្នកដំណើរចំនួន ១ រួមជាមួយនឹងសមិទ្ធផលនានា ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរចំនួន ២៥ លាននាក់/ឆ្នាំ និងទំនិញចំនួន ១,២ លានតោន/ឆ្នាំ។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ការសាងសង់ដំណាក់កាលទី ១ និងជើងហោះហើរបច្ចេកទេសនឹងត្រូវបានបញ្ចប់ជាមូលដ្ឋាន ហើយនឹងប្រតិបត្តិការពាណិជ្ជកម្មនឹងចាប់ផ្តើមនៅឆមាសទីមួយនៃឆ្នាំ ២០២៦។

leftcenterrightdel
 

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ចុះមកទស្សនា និងធ្វើការអំពីស្ថានភាពនៃការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh

បន្ទាប់ពីស្តាប់របាយការណ៍ និងការពិភាក្សានៅក្នុងកិច្ចប្រជុំ លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃថា វឌ្ឍនភាពរួមនៃគម្រោងដំណាក់កាលទី ១ សម្រេចបានលទ្ធផលវិជ្ជមាន ដែលជាបឋមបានបង្ហាញពីប្រសិទ្ធភាពហិរញ្ញវត្ថុ និងស្វ័យភាពរបស់សហគ្រាសវៀតណាម។ ក្នុងពេលជាមួយគ្នានេះ លោកបានទទួលស្គាល់ និងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោរបស់រដ្ឋាភិបាល រាល់ក្រសួង មូលដ្ឋាន ម្ចាស់វិនិយោគគម្រោង និងអ្នកម៉ៅការ ដែលបានអនុវត្ត និងបញ្ចប់ការងារជាច្រើនយ៉ាងសកម្ម ដោយធានាបាននូវពេលកំណត់។

លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាកម្លាំងចលករជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូងប្រទេស។ លោកបានសង្កត់ធ្ងន់ថា ដល់ពេលបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងជួយបន្ធូរបន្ថយសម្ពាធលើអាកាសយានដ្ឋានអន្តរជាតិ Than Son Nhat និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងបញ្ជាក់ពីទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់វៀតណាមនៅលើផែនទីអាកាសចរណ៍នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកអគ្គលេខាបក្សជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស ការណែនាំដ៏ហ្មត់ចត់របស់រដ្ឋាភិបាល ការសម្របសម្រួលរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច តំបន់មូលដ្ឋាន សហគ្រាស និងការខិតខំរបស់កម្មកររាប់ម៉ឺននាក់ អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ នឹងត្រូវបានបញ្ចប់តាមកាលកំណត់ ដោយសម្រេចបាននូវគុណភាពអន្តរជាតិ សុវត្ថិភាពដាច់ខាត ក្លាយជានិមិត្តរូបនៃការអភិវឌ្ឍទំនើប ស្វាហាប់ និងប្រកបដោយចីរភាពរបស់ប្រទេសវៀតណាមក្នុងសម័យកាលថ្មី៕

បកប្រែដោយ Minh Trung