នៅល្ងាចថ្ងៃដដែលនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាងវៀតណាម និងសហគមន៍វៀតណាមនៅគុយវ៉ែត។ ថ្លែងនៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសគុយវ៉ែតលើកនេះ មានអត្ថន័យដ៏សំខាន់នៅក្នុងបរិបទដែលប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរនឹងពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងកម្រិតថ្មីមួយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងជំនួប (រូបថត៖ vnanet.vn)

ដោយផ្តល់ព័ត៌មានអំពីស្ថានភាពរបស់ប្រទេស លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសវៀតណាម និងប្រជាជនវៀតណាមទទួលបានការវាយតម្លៃកាន់តែខ្ពស់ពីពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសជាតិកាលពីអតីតកាល ក៏ដូចជាសព្វថ្ងៃនេះ មានការរួមចំណែក និងការគាំទ្រយ៉ាងសកម្មពីសហគមន៍ជនវៀតណាមជុំវិញពិភពលោក រួមទាំងសហគមន៍នៅប្រទេសគុយវ៉ែតផងដែរ។

ដោយវាយតម្លៃខ្ពស់ចំពោះសហគមន៍វៀតណាមនៅប្រទេសគុយវ៉ែត ដែលបានសាមគ្គី ជួយគ្នាទៅវិញទៅមក មានភាពលំនឹងក្នុងជីវភាពរស់នៅ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះសហគមន៍ ដោយចាត់ទុកសហគមន៍វៀតណាមនៅឯបរទេស រួមទាំងអាណិកជនវៀតណាមនៅគុយវ៉ែតផងដែរ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន។

លោកនាយករដ្ឋមន្រ្តីទាមទារឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថានទូតវៀតណាមប្រចាំប្រទេសនានា រួមទាំងប្រទេសគុយវ៉ែតផងដែរ ត្រូវមានវិធីសាស្រ្តតភ្ជាប់ និងជួយសហគមន៍ក្នុងគ្រាលំបាក ក៏ដូចជារួមគ្នាកសាងសហគមន៍កាន់តែប្រសើរឡើង ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមាតុភូមិ ប្រទេសជាតិ និងទំនាក់ទំនងទ្វេភាគី។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអាណិកជនវៀតណាមនៅគុយវ៉ែតបន្តសាមគ្គី កសាងសហគមន៍អភិវឌ្ឍយ៉ាងរឹងមាំ និងមានតួនាទីកាន់តែខ្ពស់នៅក្នុងសង្គម រក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និងភាសាវៀតណាម ខិតខំសិក្សា ធ្វើការឲ្យបានល្អ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Thuy Anh