ការចូលរួមកិច្ចប្រជុំកំពូល G20 របស់លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh បានបង្ហាញថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយសមាជិក G20 និងដៃគូអន្តរជាតិ ព្រមទាំងបញ្ជាក់ពីតួនាទី ឋានៈ និងកិត្យានុភាពអន្តរជាតិកាន់តែកើនឡើងរបស់​វៀតណាម និងការចូលរួមចំណែកកាន់តែសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមនៅក្នុងកិច្ចប្រជុំ និងវេទិកាពហុភាគី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ (រូបថត៖ VGP)

ជាមួយគ្នានេះ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីបង្ហាញពីគោលនយោបាយឥតងាករេរបស់វៀតណាម គឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ​ទំនាក់ទំនងជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក រួមទាំងប្រទេសទាំងបី គឺអាហ្វ្រិកខាងត្បូង គុយវ៉ែត និងអាល់ហ្សេរី។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាពបន្ថែមទៀត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអាហ្វ្រិកខាងត្បូង គុយវ៉ែត អាល់ហ្សេរី ជាពិសេស បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកជាទូទៅ។

តាមរយៈនេះ វៀតណាមមានបំណងចង់លើកកម្ពស់និងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រទេសទាំងបី ឆ្ពោះទៅកម្រិតកម្ពស់ថ្មី ជាពិសេសគឺជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា  បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យដែលមានប្រៀបខ្លាំងស្របទៅនឹងតម្រូវការរបស់ភាគីនីមួយៗ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគី៕

បកប្រែដោយ Pham Diep