៧៥ ឆ្នាំនៃទំនាក់ទំនងប្រពៃណីដ៏ល្អរវាងវៀតណាម និងប៊ុលហ្គារី
កប.អនឡាញ - គណៈប្រតិភូដែលចូលរួមក្នុងកម្មវិធីនេះបានសម្តែងជំនឿថា ទំនាក់ទំនងរវាងវៀតណាម និងប៊ុលហ្គារីនឹងបន្តអភិវឌ្ឍយ៉ាងល្អ។
នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារី (សម្ព័ន្ធ អង្គការមិត្តភាពវៀតណាម) បានសម្របសម្រួលជាមួយស្ថានទូតប៊ុលហ្គារីប្រចាំនៅវៀតណាម ដើម្បីរៀបចំពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប៊ុលហ្គារី (ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៥០ - ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥)។
    |
 |
|
លោក Pavlin Todorov ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាម |
ថ្លែងនៅក្នុងពិធីនេះ លោក Huynh Quyet Thang ប្រធានសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ប៊ុលហ្គារីតែងតែប្រកៀកស្មានឹងវៀតណាម ចាប់ពីឆ្នាំដ៏លំបាកនៃសង្គ្រាមរហូតដល់បុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ និស្សិត អ្នកប្រាជ្ញ និងបុគ្គលិកបច្ចេកទេសវៀតណាមរាប់ពាន់នាក់បានសិក្សា និងធំធាត់នៅប្រទេសប៊ុលហ្គារី។
លោក Huynh Quyet Thang បានមានប្រសាសន៍ថា “និស្សិត និងអ្នកហាត់ការវៀតណាមជាច្រើនជំនាន់ត្រូវបានបណ្តុះបណ្តាលដោយប្រទេសប៊ុលហ្គារី មិនត្រឹមតែបង្កើនចំណេះដឹង ជំនាញ របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនសូត្រពីតម្លៃវប្បធម៌ វិន័យ ភាពច្នៃប្រឌិត និងការគោរពចំពោះសហគមន៍ផងដែរ។ កិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរនៅតែជាស្ពានដ៏សំខាន់មួយ បើកឱកាសថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ដោយជួយពួកគេឱ្យក្លាយជាវិស្វករ អ្នកស្រាវជ្រាវ អ្នកបច្ចេកវិទ្យា និងសហគ្រិននាពេលអនាគតរបស់ប្រទេស”។
    |
 |
|
ការសម្តែងសិល្បៈដោយសមាជិកនៃសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារី (រូបថត៖ Dinh Hoa) |
នៅក្នុងពិធីនោះផងដែរ លោក Pavlin Todorov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប៊ុលហ្គារីប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសប៊ុលហ្គារីក្នុងខែតុលា ឆ្នាំ២០២៥។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានដំឡើង ទំនាក់ទំនងការទូត ពីមិត្តភាពជាប្រពៃណីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារីក្នុងការរក្សា និងលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងរួមគ្នានាំវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគ្នាក្នុងវិស័យសិល្បៈ បើកទ្វារបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវិទ្យាសាស្ត្រ និងអប់រំ ទាញយកផលប្រយោជន៍ពីទំនាក់ទំនង និងការយល់ដឹងដែលសមាគមកំពុងមាននោះ ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការធ្វើដំណើរ និងដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋប៊ុលហ្គារី និងវៀតណាមដែលមានបំណងចង់ទៅទស្សនាប្រទេសរបស់គ្នាទៅវិញទៅមក»។
លោក Nguyen Ngoc Truc តំណាងនិស្សិតវៀតណាមដែលកំពុងសិក្សា នៅប្រទេសប៊ុលហ្គារី បានអះអាងថា ចំណុចពិសេសដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនោះគឺថា និស្សិត និងកម្មករវៀតណាមជាង ៣០.០០០ នាក់កំពុងសិក្សា ធ្វើការ និងធំធាត់នៅប្រទេសប៊ុលហ្គារី៖ «នៅក្នុងកម្មវិធីសហប្រតិបត្តិការអប់រំសម្រាប់រយៈពេល ២០២៥ - ២០២៨ យន្តការផ្លាស់ប្តូរអាហារូបករណ៍ និងអ្នកជំនាញនៅតែជាចំណុចភ្លឺ ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ដើម្បីបន្តប្រពៃណីមិត្តភាពដែលបានកសាងឡើងជាង ៧ ទសវត្សរ៍។ ការពិតដែលថាភាគីទាំងពីរកំពុងពិចារណាបើកជើងហោះហើរ លើកកម្ពស់ការផ្លាស់ប្តូររវាងមូលដ្ឋាន និងសម្រួលទិដ្ឋាការនោះបានបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងការផ្លាស់ប្តូរប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
គណៈប្រតិភូដែលចូលរួមក្នុងកម្មវិធីនេះបានសម្តែងជំនឿថា ទំនាក់ទំនងរវាងវៀតណាម និងប៊ុលហ្គារីនឹងបន្តអភិវឌ្ឍបានល្អ សហគមន៍វៀតណាមនៅប៊ុលហ្គារី រួមជាមួយអ្នកដែលបានសិក្សា និងធ្វើការនៅទីនេះ នឹងបន្តដើរតួនាទីជាស្ពាននៃមិត្តភាព ចំណេះដឹង ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong