វៀតណាម និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ពាណិជ្ជកម្ម
កប.អនឡាញ - នាថ្ងៃទី ១៥ កក្កដា នៅទីក្រុងហូជីមិញ ក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយ សមាគមធុរកិច្ចវៀតណាម - កម្ពុជា (VCBA) និងមជ្ឈមណ្ឌលសមាហរណកម្មអន្តរជាតិ វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ទីក្រុងហូជីមិញរៀបចំសន្និសីទស្ដីពីការតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៥។
សន្និសីទនេះបានទាក់ទាញសហគ្រាសវៀតណាម និងកម្ពុជាជិត ៣០០ ចូលរួម ដោយមានសកម្មភាពពាណិជ្ជកម្មដោយផ្ទាល់ ការបង្ហាញផលិតផល និងការណែនាំអំពីសេវាកម្មលើវិស័យជាច្រើនដូចជា៖ ផលិតផលកសិកម្ម អាហារសមុទ្រ សម្ភារកសិកម្ម វាយនភ័ណ្ឌ ការវេចខ្ចប់ ម្ហូបអាហារ គ្រឿងសំអាង ទំនិញប្រើប្រាស់ ឧបករណ៍អគ្គិសនី គ្រឿងចក្រ ជី ធនាគារ អចលនទ្រព្យ ការដឹកជញ្ជូន និងភស្តុភារ។ ក្នុងនោះ តំបន់តាំងបង្ហាញផលិតផលដែលមានស្តង់ជិត ២៥ ស្តង់ បានបង្ហាញពីផលិតផលនាំចេញសំខាន់ៗជាមួយនឹងភាពប្រកួតប្រជែងនៃប្រទេសទាំងពីរ ដោយទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនាំចូល អ្នកចែកចាយ និងអ្នកលក់រាយជាច្រើន។
    |
 |
ពិធីចុះហត្ថលេខារវាងសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) |
សហគ្រាសជឿថាសន្និសីទនេះគឺជាឱកាសមួយដើម្បីលើកកម្ពស់ម៉ាក ចាប់យកនិន្នាការអ្នកប្រើប្រាស់ តម្រូវការបច្ចេកទេស និងទីផ្សារ។ ដោយហេតុនេះ ការកែសម្រួលយុទ្ធសាស្រ្តចូលទីផ្សារឲ្យកាន់តែមានប្រសិទ្ធភាព។ សម្រាប់សហគ្រាសកម្ពុជា នេះជាឱកាសដ៏សំខាន់ដើម្បីស្វែងយល់អំពីសមត្ថភាពផលិត និងសក្ដានុពលនៃការអភិវឌ្ឍរបស់វៀតណាម រួមចំណែកក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងលើកកំពស់តម្លៃនៃខ្សែសង្វាក់ផ្គត់ផ្គង់។
ក្នុងឱកាសនេះ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ បង្កើតយន្តការសម្របសម្រួលជិតស្និទ្ធ ជំរុញការចែករំលែកព័ត៌មានទីផ្សារ និងការអនុវត្តកម្មវិធីផ្សព្វផ្សាយរួមគ្នានាពេលខាងមុខ។
យោងតាមព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរវាងវៀតណាម និងកម្ពុជាសម្រេចបាន ៦.២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំនាំចេញរបស់វៀតណាមមកកម្ពុជាសម្រេចបាន ២.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ទំហំនាំចូលរបស់វៀតណាមពីកម្ពុជាបានកើនដល់ ៣.៥ ពាន់លានដុល្លារ កើនឡើង ២៨.៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
បកប្រែដោយ Thanh Cong