យកចិត្តទុកដាក់លើរបបអាហារសម្រាប់កម្លាំងចូលរួមការដង្ហែក្បួនព្យុហយាត្រាយោធា
កប.អនឡាញ - ដោយបានកំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវក្នុងការធានានូវយោធបរិក្ខារសម្រាប់កម្លាំងចូលរួមការដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរខួបទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥) នាពេលកន្លងមក ផ្នែកដែលទទួលបន្ទុកការងារបរិភោគអាហាររបស់កងទ័ពនៃបណ្តាអង្គភាពតែងតែលះបង់កម្លាំងកាយចិត្ត គិតគូរដល់ការហូបចុក ធានាសុខភាពល្អឱ្យកម្លាំងចូលរួមការដង្ហែក្បួនព្យុហយាត្រា។
ដើម្បីស្វែងយល់ពីការហូបចុករបស់កងទ័ព យើងខ្ញុំបានមកទស្សនាផ្ទះបាយនៅក្នុងបន្ទាយនៃកម្លាំងដង្ហែរក្បួនព្យុហយាត្រាចំណុះយោធភូមិភាគទី ៤ និងក្រុមទ័ពពិធីកិត្តិយសនៅទីក្រុង Di An (ខេត្ត Binh Duong) ខណៈពេលដែលបុគ្គលិកកំពុងមមាញឹករៀបចំអាហារថ្ងៃត្រង់សម្រាប់កងទ័ព។ មនុស្សម្នាក់ៗមានការងារផ្សេងៗគ្នាដោយផ្តោតលើការច្នៃអាហារ ការចម្អិនអាហារ និងការរៀបចំតុអាហារឱ្យស្អាតៗ។ យើងខ្ញុំបានមើលឃើញដោយផ្ទាល់ភ្នែកបុគ្គលិកនៅផ្ទះបាយស្រក់ញើសជោកជាំធ្វើការយ៉ាងនឿយហត់…
លោកវរសេនីយ៍ឯកបំរុង Phan Van Hai ជំនួយការនៃស្នងការដ្ឋានភស្តុភារកម្ម និងបច្ចេកទេស យោធភូមិភាគទី៤) ជាអ្នកទទួលបន្ទុកការងារនៅផ្ទះបាយបានឱ្យដឹងថា៖ ក្នុងអាកាសធាតុក្តៅពិបាកទ្រាំនោះ ដោយសារយុទ្ធជនហ្វឹកហាត់យ៉ាងធ្ងន់នាំឱ្យបាត់បង់ជាតិទឹកច្រើន ដូច្នេះបុគ្គលិកនៅផ្ទះបាយខិតខំរៀបចំអាហារឱ្យបានឆ្ងាញ់ៗ សុវត្ថិភាព និងមានជីវជាតិគ្រប់គ្រាន់សម្រាប់ការទទួលទាននៃកងទ័ព”។
ក្រឡេកទៅមើលតុបាយដែលរៀបចំទុកមុនពេលកងទ័ពនៃក្រុមដង្ហែក្បួនព្យុហយាត្រាមកទទួលទានអាហារថ្ងៃត្រង់ យើងខ្ញុំឃើញមុខម្ហូបក្តៅៗ និងចម្រុះជាច្រើនមុខដូចជា៖ ស៊ុបត្រី សាច់គោស្ងោរ ពងទាកូន ស៊ុបឆ្អឹង ត្រីចៀនស្រួយ និងបន្លែគ្រប់មុខ... និយាយទាំងក្តីរីករាយជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ យុទ្ធនារី Le Thi Yen (មកពីខេត្ត Quang Tri នៃផែនកងជីវពលនារីភាគខាងជើង) ចែករំលែកថា “បន្ទាប់ពីហ្វឹកហ្វឺនយ៉ាងនឿយហត់ ដល់ពេលបាយខ្ញុំចូលចិត្តបំផុតគឺសម្លម្ជូរត្រី ពីព្រោះវាមានរសជាតិម្នាស់ រសជាតិហឹរបន្តិចនៃម្ទេស និងភាពផ្អែមរបស់ត្រី...។ បាយឆ្ងាញ់ៗមិនត្រឹមតែជួយឱ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យយើងបំពេញកិច្ចការរបស់យើងឱ្យបានល្អផងដែរ”។
    |
 |
កម្មាភិបាលគ្រប់លំដាប់ថ្នាក់ចុះពិនិត្យគុណភាពអាហារនៅផ្ទះបាយ |
លោកវរសេនីយ៍ឯកបំរុង Pham Van Hai ប្រសាសន៍ថា “យុទ្ធជន និងពលទាហានមកពីគ្រប់ទិសទី គ្រប់តំបន់មានវប្បធម៌ធ្វើម្ហូបខុសៗគ្នា ដូច្នេះយើងត្រូវស្រាវជ្រាវ ជ្រើសរើស និងរៀបចំមុខម្ហូបដែលធានាគុណភាព សមនឹងរសជាតិទទួលទាន និងមិនទុកឱ្យម្ហូបដដែលៗទេ។ យើងប្រមូលមតិយោបល់ពីកម្មាភិបាល យុទ្ធជនជារឿយៗដើម្បីដកបទពិសោធន៍ភ្លាមៗដើម្បីធ្វើការកែសម្រួលសមស្របសម្រាប់អាហារនីមួយៗ”។
លោកវរសេនីយ៍ត្រី Nguyen Van Son មេចុងភៅផ្ទះបាយនៃយុទ្ធជនយោធភូមិភាគទី៤ បានមានប្រសាសន៍ថា៖ “យើងគិតគូយ៉ាងប្រុងប្រយ័ត្ននូវការរៀបចំបុគ្គលិកក្នុងដំណាក់កាលនីមួយៗ ដើម្បីបំពេញតាមកាលវិភាគហ្វឹកហាត់របស់អង្គភាព។ មានថ្ងៃដែលកាលវិភាគហ្វឹកហ្វឺនផ្លាស់ប្តូរ យើងធ្វើការរហូតដល់ម៉ោង ១១ រាត្រីដើម្បីសម្អាត និងលាងចាន ប៉ុន្តែត្រូវភ្ញាក់ពីគេងតាំងពីម៉ោង ២ ទៀបភ្លឺព្រឹក ដើម្បីរៀបចំអាហារពេលព្រឹកឱ្យកងទ័ព។ ការងារនឿយហត់ ប៉ុន្តែយើងខ្ញុំមានក្តីសប្បាយចិត្តខ្លាំងណាស់ ព្រោះចង់រួមចំណែកមួយផ្នែកតូច ដើម្បីជោគជ័យនៃព្រឹត្តិការណ៍នេះ។
លោកវរសេនីយ៍ឯក Nguyen Xuan Thanh អនុប្រធានការរិយាល័យធានា នៃស្នងការដ្ឋានយោធបរិក្ខារ មានប្រសាសន៍ថា “ផ្ទះបាយ និងកន្លែងទទួលទានអាហាររបស់យោធភូមិភាគទី៤ គឺជាបន្ទាយរបស់មហាវិទ្យាល័យវិជ្ជាជីវៈលេខ ២២។ យើងខ្ញុំបានសម្របសម្រួលជាមួយអង្គភាពនានាដើម្បីជួសជុលឱ្យក្លាយទៅជាផ្ទះបាយទទួលទានអាហារប្រកបដោយផាសុខភាព។ ផ្ទះបាយត្រូវបានបំពាក់នូវតុ កៅអី កង្ហាអគ្គិសនី តុបតែងជាមួយរូបភាពថ្មី តុបរិភោគអាហារនីមួយៗមានក្តារតូចមួយបង្ហាញមុខម្ហូប ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបរិមាណ គុណភាព បរិមាណសរុប។ ក្នុងដំណើរការនាំចូល និងត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំពោះវត្ថុធាតុដើម ត្រូវបានរៀបចំយ៉ាងហ្មត់ចត់តឹងតែងបំផុត។
មហាពិធីថ្ងៃទី ៣០ ខែមេសា កាន់តែខិតជិតមកដល់ហើយ បានជាការហ្វឹកហ្វឺននៃកម្លាំងចូលរួមការដង្ហែក្បួនព្យុហយាត្រាកាន់តែមានកម្រិតធ្ងន់ និងជាបន្តបន្ទាប់ជាង។ តាមរយៈការចុះត្រួតពិនិត្យរបស់ស្នងការដ្ឋានយោធបរិក្ខារ នៃយោធភូមិភាគទី៤ និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានបង្ហាញឱ្យឃើញថា អង្គភាពបំពេញការងារបានល្អៗក្នុងការធានាការបម្រើដល់កម្លាំងចូលរួមការដង្ហែក្បួនព្យុហយាត្រាក្នុងរយៈពេលជាង ៣ ខែកន្លងមកនេះ៕
បកប្រែដោយ Minh Trung