នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ការតម្កើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែឧសភា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងលោក Songwit Noonpackdee មេបញ្ជាការកងកម្លាំងការពារជាតិថៃ និងលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ព្រមទាំងទទួលស្គាល់នូវលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ថៃ ក្នុងរយៈពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីររៀបចំសកម្មភាពយ៉ាងសកម្ម ដើម្បីបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្តោតលើការពិគ្រោះយោបល់ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ពនានា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពលសមស្របទៅនឹងតម្រូវការ និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។ ក្រសួងការពារប្រទេសវៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រួមចំណែកកសាង និងពង្រឹងវិស័យការពារជាតិរបស់ប្រទេសនីមួយៗ រួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងថៃ។

លោកនាយឧត្តមសេនីយ៍ Songwit Noonpackdee បានសម្តែងនូវក្តីរីករាយចំពោះការដែលទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិអភិវឌ្ឍយ៉ាងល្អប្រសើរ  ដែលជាសសរស្តម្ភនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ថៃ-វៀតណាម។ ដោយចាប់អារមណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍរបស់វៀតណាម លោកនាយឧត្តមសេនីយ៍ Songwit Noonpackdee ជឿជាក់ថា កំណែទម្រង់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិតដែលកំពុងត្រូវបានអនុវត្តនោះ នឹងជួយវៀតណាមបន្តសម្រេចបានសមិទ្ធិផលជាច្រើនទៀតនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang