ថ្លែងក្នុងសន្និសីទនេះ លោកវរសេនីយ៍ឯក Luong Dinh Hung បានឲ្យដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង បានរក្សាទំនាក់ទំនងជិតស្និទ្ធ  និងអនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការរៀបចំឲ្យនាវាទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក លំហាត់សមយុទ្ធរួមគ្នា កម្មវិធីហ្វឹកហាត់ ការផ្លាស់ប្តូរព័ត៌មាន ... ភាគីទាំងពីរក៏គាំទ្រគ្នាទៅវិញទៅមក នៅវេទិកាពហុភាគី ដោយហេតុនេះរួមចំណែកធ្វើឲ្យទំនាក់ទំនងរវាងកងកម្លាំងទាំងពីរកាន់តែជិតស្និទ្ធ និងគួរឲ្យជឿទុកចិត្ត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងទាំងពីរ លោកឧត្តមសេនីយ៍ត្រី Go Min-gwan បានមានប្រសាសន៍ថា ភាគីទាំងពីរចាំបាច់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ។ លោក Go Min-gwan ក៏បានស្នើឱ្យបង្កើតយន្តការផ្លាស់ប្តូរព័ត៌មាន និងបង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការរវាងភ្នាក់ងារចារកម្ម/កិច្ចការបរទេសនៃកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង និងភ្នាក់ងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មនៃកងឆ្មាំសមុទ្រវៀតណាម។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សា អំពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មី ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង។ ទាក់ទិននឹងទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ ភាគីទាំងពីរបានឯកភាព បន្តបញ្ជូននាវាទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំព្រឹត្តិការណ៍នៃកិច្ចការបរទេសពហុភាគី៕

បកប្រែដោយ Duy Hoan