ពិធីលៀងសាយភោជន៍ជាកិត្តិយសជូនអនុព័ន្ធយោធានៃប្រទេសនានាក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម នាយប់ថ្ងៃទី២៥ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានប្រារព្ធពិធីលៀងសាយភោជន៍ជាកិត្តិយសជូនអនុព័ន្ធយោធា អ្នកជំនាញ តំណាងស្ថាប័ន និងអង្គការអន្តរជាតិមួយចំនួននៅវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធី។
ក្នុងពិធី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានរំលឹកឡើងវិញនូវដំណើរការ ៨០ ឆ្នាំរបស់ប្រជាជាតិវៀតណាម ហើយចាត់ទុកថា ដំណាក់ការអភិវឌ្ឍន៍នីមួយៗ វៀតណាមតែងតែទទួលបានមនោសញ្ចេតនា ការជួយគាំទ្រ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងដ៏មានតម្លៃពីមិត្តនៃប្រទេសនានា ដៃគូ និងសហគមន៍អន្តរជាតិ។ លោកអះអាងថា វៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក ជាមិត្តស្មោះត្រង់ ជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវជំនឿថា ដោយមានការជឿទុកចិត្ត ស្មោះស្ម័គ្រ និងសុច្ឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការ ក្រសួងការពារប្រទេសវៀតណាម ក្រសួងការពារជាតិនៃប្រទេសនានា និងអង្គការអន្តរជាតិនឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តទទួលបានសមិទ្ធិផលដ៏មានអត្ថន័យក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលី ប្រធានគណៈប្រតិភូអនុព័ន្ធយោធានៃប្រទេសនានាប្រចាំនៅវៀតណាម បានអបអរសាទរចំពោះរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ។ លោកវរសេនីយ៍ឯក Mick Jansen បានឲ្យដឹងថា សព្វថ្ងៃនេះ វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងលើពិភពលោក។ កងកម្លាំងប្រដាប់អាវុធរបស់វៀតណាមគឺជាតំណាងនៃវិជ្ជាជីវៈ និងការលះបង់ក្នុងការការពារមាតុភូមិ ការជួយគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិក្នុងនិងក្រៅប្រទេស ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ... លោកសង្កត់ធ្ងន់ទៀតថា ការរួមចំណែកទាំងនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះការការពារឯករាជ្យជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិក្នុងការធានាតំបន់មួយប្រកបដោយសុវត្ថិភាពនិងស្ថិរភាព៕
បកប្រែដោយ Thuy Anh