ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងនេប៉ាល់
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Ram Sahaya Prasad Yadav អនុប្រធានាធិបតី នេប៉ាល់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែសីហា លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅនេប៉ាល់។
នាព្រឹកថ្ងៃទី ២៤ ខែសីហា នៅរដ្ឋធានី Kathmandu លោក Ram Sahaya Prasad Yadav និងលោកស្រី Vo Thi Anh Xuan បានចូលរួមកិច្ចសន្ទនា។ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកស្ថានភាព និងគោលដៅអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ហើយដាក់ទិសដៅសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។
    |
 |
លោក Ram Sahaya Prasad Yadav និងលោកស្រី Vo Thi Anh Xuan នៅកិច្ចសន្ទនា (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ដើម្បីលើកកម្ពស់ការជឿទុកចិត្តផ្នែកនយោបាយ និងការបរទេស ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងពង្រីកការផ្លាស់ប្តូររវាងស្ថាប័ន និងអង្គការនានា។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការលើកកម្ពស់សក្តានុពល និងគុណសម្បត្តិរបស់ប្រទេសនីមួយៗ ហើយពិចារណាលើលទ្ធភាពនៃការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សិក្សាស្រាវជ្រាវអំពីការបង្កើតក្រុមការងារចម្រុះ ឬគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជម្រុញពាណិជ្ជកម្ម និងជួយគាំទ្រការតភ្ជាប់ធុរកិច្ច។ លោកស្រី Vo Thi Anh Xuan ស្នើថា នេប៉ាល់យកចិត្តទុកដាក់ដល់ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម ក្នុងការស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការធ្វើបរិវត្តកម្មឌីជីថលជាដើម។ ភាគីទាំងពីរក៏បានឯកភាពសហការរៀបចំសកម្មភាពជាក់ស្តែងក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ២០២៥ ហើយលើកកំពស់តួនាទីរបស់សមាគមមិត្តភាពវៀតណាម - នេប៉ាល់ និងគណៈកម្មាធិការសន្តិភាព មិត្តភាព និងសាមគ្គីភាពនេប៉ាល់ក្នុងការរៀបចំជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
នៅវេទិកាតំបន់និងអន្តរជាតិ វៀតណាម និងនេប៉ាល់បានអះអាងថា នឹងបន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ។ វៀតណាមស្វាគមន៍នេប៉ាល់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រីឯនេប៉ាល់ជាស្ពានតភ្ជាប់សម្រាប់វៀតណាមជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពសហការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តការប្តេជ្ញាចិត្តចំពោះការកាត់បន្ថយការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៥០ និងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
បកប្រែដោយ Thuy Anh