វៀតណាមបន្តសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងសកម្មភាព MIA
កប.អនឡាញ - នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកវរសេនីយ៍ឯក Thomas J. Bouchillon អនុព័ន្ធយោធាអាមេរិកប្រចាំនៅវៀតណាម ដែលអញ្ជើញចូលជួបសម្តែងការគួរសមមុននឹងបញ្ចប់អាណត្តិបេសសកម្មនៅវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Bouchillon ដែលមានអាណត្តិបេសកកម្មដ៏ជោគជ័យនៅវៀតណាម និងបានទទួលស្គាល់លទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។ លោកបានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលបានជួយពន្លឿនការងារយកឈ្នះលើផលវិបាកនៃគ្រាប់បែក មីន សារធាតុពុល/ឌីអុកស៊ីតក្រោយសង្គ្រាមនៅវៀតណាម និងការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណកងទ័ពវៀតណាមដែលបានពលីជីវិត និងបាត់ខ្លួនក្នុងសង្គ្រាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធា វិស័យពេទ្យយោធា ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ។ល។ លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តអនុវត្តការសន្យារបស់ខ្លួនក្នុងការជួយវៀតណាមយកឈ្នះលើផលវិបាកនៃគ្រាប់បែក មីន និងសារធាតុគីមីពុលក្រោយសង្គ្រាម។
    |
 |
ប្រតិភូទាំងឡាយថតរូបជុំគ្នា |
លោកវរសេនីយ៍ឯក Bouchillon បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានយកចិត្តទុកដាក់ គាំទ្រ និងបង្កើតបរិយាកាសការងារជាវិជ្ជមានក្នុងអំឡុងពេលអាណត្តិបេសកកម្មរបស់លោកនៅវៀតណាម។ លោកបានសម្តែងការពេញចិត្តចំពោះលទ្ធផលដែលវៀតណាម និងសហរដ្ឋអាមេរិកសម្រេចបានក្នុងវិស័យជំនះពុះពារលើផលវិបាកនៃសង្គ្រាម ហើយបានអះអាងថា នេះជាការងារអាទិភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
បកប្រែដោយ Thanh Cong