កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាម និងឥណ្ឌូនេស៊ីកាន់តែស៊ីជម្រៅ
កប.អនឡាញ - នារសៀលថ្ងៃទី១០ ខែកក្កដា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Yorrys Raweyai អនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី។
លោក Tran Thanh Man ប្រធានរដ្ឋសភា បានអបអរសាទរចំពោះការអភិវឌ្ឍដ៏អស្ចារ្យលើគ្រប់វិស័យដែលឥណ្ឌូនេស៊ីសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកជាវិជ្ជមានរបស់ក្រុមប្រឹក្សាតំណាងមូលដ្ឋាននៅក្នុងសភាឥណ្ឌូនេស៊ី។ លោកជឿជាក់ថា ឥណ្ឌូណេស៊ីនឹងបន្តអភិវឌ្ឍប្រកបដោយវិបុលភាព មានតួនាទីកាន់តែខ្ពស់ក្នុងឆាកអន្តរជាតិ និងសម្រេចបាននូវគោលដៅ " ចក្ខុវិស័យឥណ្ឌូណេស៊ីមាស ២០៤៥" ក្នុងឱកាសខួបលើកទី ១០០ នៃទិវាបុណ្យឯករាជ្យជាតិ។
លោក Yorrys Raweyai អនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកវាយតំលៃខ្ពស់ចំពោះការបង្រួមខេត្តក្រុងនាពេលថ្មីៗនេះរបស់វៀតណាម និងការបង្កើតរដ្ឋាភិបាលមូលដ្ឋានពីរកម្រិត ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការបង្រួម និងលើកកំពស់ប្រសិទ្ធភាពនៃក្បាលម៉ាស៊ីនរដ្ឋក្នុងស្មារតីបម្រើប្រជាជន។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Yorrys Raweyai អនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ពេញចិត្តចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបានស្នើឲ្យឥណ្ឌូនេស៊ីជួយសម្រួលទំនិញវៀតណាម ជាពិសេសផលិតផលកសិកម្ម និងផលិតផលហាឡាល់ ដើម្បីចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី ហើយខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៨ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើមុខរបនេសាទ (ដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ២០២៤) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជលផល អភិវឌ្ឍការមុខរបនេសាទ និងវារីវប្បកម្មប្រកបដោយនិរន្តរភាព។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Yorrys Raweyai អនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី |
លោក Yorrys Raweyai អនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋាន ស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ លោកសង្ឃឹមថានឹងរៀនពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍបទប្បញ្ញត្តិច្បាប់ ការសម្របសម្រួលរវាងថ្នាក់មជ្ឈភាព និងមូលដ្ឋាន ព្រមទាំងការចូលរួមរបស់ប្រជាជនក្នុងការអនុវត្តគោលនយោបាយទាក់ទងនឹងសេដ្ឋកិច្ចរង្វង់ និងការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។
ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ឆ្ពោះទៅរកការអភិវឌ្ឍន៍ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
លោក Tran Thanh Man ប្រធានរដ្ឋសភា ស្នើជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ ការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជាពិសេសរវាងគណៈកម្មាធិការជំនាញនៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង មិនត្រឹមតែក្នុងបញ្ហាច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើបញ្ហាសកលលោក ដូចជា ការធ្វើបរិវត្តកម្មឌីជីថល កំណើនបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។ ការសម្របសម្រួល ការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសការអភិវឌ្ឍកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌូនេស៊ី។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ាន បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។
បកប្រែដោយ Duy Hoan