ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-អ៊ីតាលី ឱ្យកាន់តែអភិវឌ្ឍថែមទៀត
កប.អនឡាញ - នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អ៊ីតាលី លើកទី៥។
នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវសេចក្តីរីករាយដែលបានមើលឃើញទំនាក់ទំនងវៀតណាម-អ៊ីតាលី ត្រូវបានពូនជ្រំ ដោយឥតឈប់ឈរ និងអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលី លើកទី៥ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់លទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចាត់ទុកថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែមានច្រើនណាស់។ លោកបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូថ្នាក់ជាន់ខ្ពស់បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសការជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម សន្តិសុខតាមអ៊ីនធឺណិត ពេទ្យយោធា វប្បធម៌ កីឡាយោធា ។ល។ ក្រសួងការពារប្រទេសវៀតណាមនឹងដឹកនាំស្ថាប័នមានសមត្ថកិច្ចអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅកិច្ចសហប្រតិបត្តិការស្របតាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងលទ្ធផលនៃកិច្ចសន្ទនានេះ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-អ៊ីតាលី ឱ្យកាន់តែអភិវឌ្ឍថែមទៀតក្នុងទិសដៅប្រសិទ្ធភាព ជាក់ស្តែង ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី |
លោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលទទួលគណៈប្រតិភូ។ លោក Matteo Perego di Cremnago បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang អំពីលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អ៊ីតាលី លើកទី៥ ព្រមទាំងសម្តែងនូវជំនឿជាក់ថា ក្នុងស្មារតីនៃការផ្លាស់ប្តូរដោយស្មោះត្រង់ និងវិជ្ជមាន កិច្ចសន្ទនាលើកនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-អ៊ីតាលី ឱ្យអភិវឌ្ឍប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព។
* គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី បានជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-អ៊ីតាលី លើកទី៥។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី |
នៅក្នុងកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចទទួលយោធិនអ៊ីតាលីចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅវិទ្យាស្ថានការពារជាតិ និងរៀនភាសាវៀតណាមនៅវិទ្យាស្ថានវិទ្យាសាស្ត្រយោធា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគប្បីយកចិត្តទុកដាក់សិក្សាលទ្ធភាពចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ស្រាវជ្រាវ ពង្រីកយន្តការ និងទម្រង់នៃការផ្លាស់ប្តូរ និងការពិគ្រោះយោបល់ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការជឿទុកចិត្តរវាងភាគីទាំងពីរ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប (EU)។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានស្នើឲ្យភាគីអ៊ីតាលីបានសម្តែងគាំទ្រដើម្បីសហភាពអឺរ៉ុបដកចេញ “កាតលឿង” IUU ឱ្យឆាប់ៗសម្រាប់វៀតណាម ហើយគាំទ្រវៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ EU ក្រោមកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិ EU (FPA)។
រីឯលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី បានអះអាងថា ទាំងវៀតណាម និងអ៊ីតាលីចែករំលែកទស្សនៈវិស័យចំពោះស្ថានភាពពិភពលោក ព្រមទាំងមានបំណងចង់នាំមកនូវសន្តិភាពប្រកបដោយស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក យកចិត្តទុកដាក់ចំពោះបេសកកម្មអន្តរជាតិដ៏ថ្លៃថ្នូ ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យាថ្មី។ ដោយចែករំលែកអំពីខ្លឹមសារដែលលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកឡើងនោះ លោក Matteo Perego di Cremnago បានឲ្យដឹងថា អ៊ីតាលីមានសមត្ថភាពបោសសម្អាតមីន និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ ទន្ទឹមនឹងនោះ លោកក៏បានអះអាងថា អ៊ីតាលីយកចិត្តទុកដាក់ចំពោះការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាមរីកចម្រើនថែមទៀតនាពេលខាងមុខ។
នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា និងលិខិតសម្តែងបំណងអំពីការបង្កើតក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសម្ភារៈការពារជាតិ៕
បកប្រែដោយ Huyen Trang