កិច្ចសន្ទនានាយទាហានវ័យក្មេងវៀតណាម-ឡាវ
កប.អនឡាញ - ដោយមានការយល់ព្រមពីថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុង Da Nang ប្រទេសវៀតណាម គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនឡាវ បានរៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “បង្កើនការតភ្ជាប់ ផ្លាស់ប្តូរព័ត៌មាន សាមគ្គីភាព និងមិត្តភាព ឆ្ពោះទៅអនាគត”។
លោកវរសេនីយ៍ឯកបម្រុង Nguyen Quang Huy ប្រធានគណៈកម្មការយុវជននៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងលោកវរសេនីយ៍ឯក Hong Thong Sixanon ប្រធានការិយាល័យយុវជននៃកងទ័ពប្រជាជនឡាវ ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនឡាវ បានធ្វើជាសហប្រធាន។
នៅក្នុងកិច្ចសន្ទនានោះ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ព្រមទាំងបានលើកឡើងនូវខ្លឹមសារជាច្រើនដែលយុវជននៃកងទ័ពទាំងពីរយកចិត្តទុកដាក់ដូចជា៖ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ គំរូល្អ និងវិធីច្នៃប្រឌិតរបស់ក្រុមនាយទាហានវ័យក្មេងក្នុងការអប់រំប្រពៃណី ឧត្តមគតិបដិវត្តន៍ ការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងទស្សនៈខុសឆ្គង និងអរិភាពតាមអ៊ីនធឺណិត តួនាទី និងទំនួលខុសត្រូវរបស់នាយទាហានវ័យក្មេងក្នុងការស្រាវជ្រាវ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានវត្តន៍ និងការធ្វើបរិវត្តឌីជីថល ដែលរួមចំណែកដល់ទំនើបកម្មក្នុងកងទ័ព។ល។
មានប្រសាសន៍ក្នុងកិច្ចសន្ទនានេះ លោកវរសេនីយ៍ឯកបម្រុង Nguyen Quang Huy បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក សម្ព័ន្ធយុវជននៅគ្រប់លំដាប់ថ្នាក់ក្នុងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលលើកកំពស់ស្មារតីឈានទៅមុខ និងច្នៃប្រឌិតរបស់យុវជនក្នុងកងទ័ពទាំងមូល រៀបចំសកម្មភាពជាក់ស្តែង មានអត្ថន័យ និងប្រសិទ្ធភាពជាច្រើន តាមរយៈនោះ សម្រេចបានសមិទ្ធិផលថ្មីៗ រួមចំណែកដល់ការអនុវត្តដោយជោគជ័យនូវភារកិច្ចនយោបាយរបស់ស្ថាប័ន និងអង្គភាព កសាងកងទ័ពបដិវត្តន៍ រៀបរយ ចំណាន និងទំនើប រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
    |
 |
ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងវៀតណាម និងឡាវជូនវត្ថុអនុស្សាវរីយ៍ |
គណៈកម្មការយុវជន (អគ្គនាយកដ្ឋាននយោបាយរបស់កងទ័ពប្រជាជនវៀតណាម) និងការិយាល័យការងារយុវជន (កងទ័ពប្រជាជនឡាវ) បានបើកវគ្គហ្វឹកហ្វឺននិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារយុវជនសម្រាប់នាយទាហានកងទ័ពប្រជាជនឡាវ។
កិច្ចសន្ទនានេះ មានគោលបំណងផ្សព្វផ្សាយ អប់រំ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយទាហានវ័យក្មេងនៃកងទ័ពទាំងពីរ ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ ឡាវ-វៀតណាម រវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh