បន្តជំរុញកិច្ចសហប្រតិបត្តិការវៀតណាមនិងអាមេរិកក្នុងការជំនះផលវិបាកនៃសង្គ្រាម
កប.អនឡាញ - នារសៀលថ្ងៃទី ២៣ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកស្រី Aler Grubbs នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំវៀតណាម។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ USAID នៅវៀតណាម និងលោកស្រី Aler Grubbs ផ្ទាល់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសម្អាតសារធាតុគីមី dioxin នៅអាកាសយានដ្ឋាន Bien Hoa និងជួយឧបត្ថម្ភជនរងគ្រោះដោយសារធាតុគីមី dioxin នៅខេត្ត និងក្រុងនានា ពិសេសគឺការដែល USAID បានអំពាវនាវឲ្យគម្រោងកិច្ចសហប្រតិបត្តិការលើការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាមអាចដំណើរការឡើងវិញក្នុងដំណាក់កាលរដ្ឋាភិបាលអាមេរិកកំពុងត្រួតពិនិត្យរាល់សកម្មភាពជំនួយបរទេស។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា គម្រោងសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម គឺជាគម្រោងមួយក្នុងចំណោមគម្រោងចំនួន ១៧% របស់ USAID ត្រូវបានដំណើរការឡើងវិញ ដែលបង្ហាញពីសារៈសំខាន់នៃសកម្មភាពទាំងនេះចំពោះទំនាក់ទំនងវៀតណាមនិងអាមេរិកនិយាយរួម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។ តាមរយៈការផ្លាស់ប្តូរយោបល់ និងជំនួបជាន់ខ្ពស់នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម ហើយបានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។
លោកស្រី Aler Grubbs បានចែករំលែកនូវចំណាប់អារម្មណ៍ដ៏ល្អក្នុងអំឡុងពេលធ្វើការនៅប្រទេសវៀតណាម ជាពិសេសការជំនះផលវិបាកនៃសង្រ្គាមនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកស្រីក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម បានសហការយ៉ាងជិតស្និទ្ធជាមួយ USAID ដើម្បីជំរុញនិងអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់សកម្មភាពទាំងនេះ។
លោកស្រី Aler Grubbs បន្ថែមថា បន្ទាប់ពី USAID ប្រចាំវៀតណាមត្រូវបានរំលាយចោលនោះ បុគ្គលិកមួយចំនួននៃទីភ្នាក់ងារ USAID នឹងបំពញការងារនៅស្ថានទូតអាមេរិកប្រចាំវៀតណាម ដូច្នេះគម្រោងកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាមនឹងបន្តដំណើរការ។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជូនលោកស្រី Aler Grubbs |
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជូនលោកស្រី Aler Grubbs និងបុគ្គលិករបស់ USAID ដែលមានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការងារជំនះផលវិបាកនៃសារធាតុគីមី dioxin ក្រោយសង្គ្រាមនៅវៀតណាមក្នុងដំណាក់កាល ២០២១ - ២០២៥៕
បកប្រែដោយ Pham Diep