លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាមក្នុងឱកាសដែលលោកស្រីមកបំពេញបេសកកម្មការទូតនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យលោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលី សម្របសម្រួលជាមួយក្រសួង និងស្ថាប័ននៃភាគីទាំងពីរដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។ ពង្រឹងទំនាក់ទំនងនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងគណៈប្រតិភូជាន់ខ្ពស់ រក្សាយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ពង្រឹងទំនុកចិត្តខាងនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយខិតខំធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាម និងអូស្ត្រាលីគឺជាខឿនសេដ្ឋកិច្ចពីរដែលបំពេញគ្នាទៅវិញទៅមកលើផ្នែកទីផ្សារ កម្លាំងពលកម្ម និងធនធាន ហើយមានសក្ដានុពលខ្លាំងសម្រាប់បន្ដពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឲ្យអូស្ត្រាលីបន្តផ្តល់អាហារូបករណ៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាមទៅសិក្សានៅអូស្ត្រាលី។ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងធ្វើឱ្យសាកលវិទ្យាល័យ RMIT ក្លាយជាគម្រោងសហប្រតិបត្តិការអប់រំលេចធ្លោរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូត បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការកែសម្រួលច្បាប់ ព្រមទាំងអះអាងថា អូស្ត្រាលីនិយាយរួម និងលោកស្រីឯកអគ្គរដ្ឋទូតផ្ទាល់តែងតែគាំទ្រយ៉ាងខ្លាំង និងមានបំណងចង់រួមដំណើរជាមួយដំណើរការកំណែទម្រង់របស់វៀតណាមនាពេលខាងមុខ៕
បកប្រែដោយ Pham Diep