ជប៉ុនជាដៃគូយុទ្ធសាស្ត្រឈានមុខគេរបស់វៀតណាម
កប.អនឡាញ - នៅថ្ងៃទី១០ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Le Minh Hung សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - ជប៉ុន បានទទួលជួបលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។
ក្នុងជំនួប លោក Le Minh Hung បានបញ្ជាក់ថា ថ្នាក់ដឹកនាំវៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុន ដោយចាត់ទុកជប៉ុនជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រឈានមុខគេរបស់ខ្លួន។
    |
 |
|
លោក Le Minh Hung ទទួលជួបលោក Takebe Tsutomo (រូបថត៖ vnanet.vn) |
លោកបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងសហប្រតិបត្តិការជាមួយជប៉ុនក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ ពលកម្ម និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាដោយផ្អែកលើការធានាផលប្រយោជន៍របស់ប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
លោក Takebe Tsutomu បានចែករំលែកអំពីការរួមដំណើររបស់ជប៉ុនក្នុងការអភិវឌ្ឍធនធានមនុស្សដែលសមស្របនឹងដំណើរឧស្សាហូបនីយកម្ម ទំនើបកម្ម និងគោលដៅអភិវឌ្ឍនាពេលខាងមុខរបស់វៀតណាម ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី៕
បកប្រែដោយ Thanh Cong