នាថ្ងៃទី ៩ ខែមីនា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយ លោក Sheikh Mohammed bin Zayed Al-Nahyan ប្រធានាធិបតីនៃសហព័ន្ធអារ៉ាប់រួម (UAE) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់វៀតណាមក្នុងការសហការជាមួយ UAE និងប្រទេសដទៃទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីលើកកម្ពស់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅក្នុងតំបន់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sheikh Mohammed bin Zayed Al-Nahyan ប្រធានាធិបតីនៃសហព័ន្ធអារ៉ាប់រួម

លោក Sheikh Mohammed bin Zayed ប្រធានាធិបតី UAE បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់លោកក្នុងការពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបង្ហាញពីការត្រៀមខ្លួនសហការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងស្នើឱ្យមេដឹកនាំនៃប្រទេសទាំងពីរចូលរួមយ៉ាងសកម្មក្នុងការទំនាក់ទំនងជាមួយគ្នា និងពង្រីកវិសាលភាពនៃការតភ្ជាប់នៅគ្រប់លំដាប់ថ្នាក់។

មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខថាមពល។ ប្រធានាធិបតីអារ៉ាប់រួម (UAE) បានថ្លែងថា នឹងផ្តល់ការគាំទ្រជាអតិបរមាសម្រាប់តម្រូវការថាមពលបន្ទាន់ និងរយៈពេលវែងរបស់វៀតណាម។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យដូចជា៖ ការវិនិយោគហិរញ្ញវត្ថុនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ការខិតខំលើកកម្ពស់គម្រោងវិនិយោគសំខាន់ៗក្នុង បច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម និងពន្លឿនការចាប់ផ្តើមចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមានគោលបំណងសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បកប្រែដោយ Duy Hoan