លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់វៀតណាម ហើយបានសម្តែងគោលបំណងថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងសក្តិសមនឹងកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តជាកម្លាំងចលករចម្បង និងជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងទំនាក់ទំនងអន្តរជាតិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Scott Strazik ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសាជីវកម្ម GE Vernova របស់សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្មថាមពលរបស់សហរដ្ឋអាមេរិក វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចជាស្ពាន និងជាច្រកទ្វារដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង GE Vernova និងប្រទេសនានាក្នុងតំបន់ ជាពិសេសតំបន់អាស៊ីអាគ្នេយ៍។

រីឯលោក Scott Strazik ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសាជីវកម្ម GE Vernova បានឲ្យដឹងថា សាជីវកម្មបានជ្រើសរើសវៀតណាមជាប្រទេសអាស៊ីដំបូងគេសម្រាប់រៀបចំសន្និសីទស្តីពីថាមពលជាប្រចាំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាង ១០០ នាក់របស់សាជីវកម្មថាមពលឈានមុខគេទូទាំងពិភពលោក ដោយហេតុនោះចាប់ផ្ដើមដំណាក់កាលអភិវឌ្ឍន៍ថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការវាងសាជីវកម្ម GE Vernova ជាមួយវៀតណាម និងតំបន់។ លោក Scott Strazik បានអះអាងថា សាជីវកម្ម GE Vernova រួមដំណើរជាមួយវៀតណាមមិនត្រឹមតែក្នុងគោលដៅធានាសន្តិសុខថាមពលប៉ុណ្ណោះទេ ថែមទាំងក្នុងដំណើរការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមទៀតផង៕

បកប្រែដោយ Huyen Trang