សម័យប្រជុំនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សម្របសម្រួលជាមួយ ABAC វៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong។ អញ្ជើញចូលរួមសម័យបើកនេះមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជាង ២០០ នាក់ រួមទាំងសមាជិក ABAC មកពី ២១ ខឿនសេដ្ឋកិច្ច APEC ថ្នាក់ដឹកនាំសាជីវកម្មពហុជាតិ ស្ថាប័នហិរញ្ញវត្ថុ មជ្ឈមណ្ឌលស្រាវជ្រាវ-នវានុវត្តន៍ និងអង្គការអន្តរជាតិនានា។

ABAC គឺជាយន្តការផ្តល់ប្រឹក្សាគោលនយោបាយផ្លូវការពីសហគមន៍ធុរកិច្ចដល់មេដឹកនាំនៃខឿនសេដ្ឋកិច្ចសមាជិក APEC ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ។ រាល់សម័យប្រជុំរបស់ ABAC ត្រូវបានធ្វើឡើងចំនួនបួនដងក្នុងមួយឆ្នាំ ដោយបង្វិលប្តូរវេណនៅក្នុងទីក្រុងធំៗនៃរាល់ខឿនសេដ្ឋកិច្ចសមាជិក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកក្កដា នៅទីក្រុង Hai Phong កិច្ចប្រជុំជាមួយក្រោមប្រធានបទ "ស្ពានតភ្ជាប់-សហគ្រាស-ឆ្ពោះទៅមុខ" គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយដើម្បីបង្រួបបង្រួមខ្លឹមសារនៃលិខិតរបស់ ABAC ផ្ញើជូនរដ្ឋមន្ត្រី APEC និងបំពេញរបាយការណ៍របស់ ABAC ស្តីពីអនុសាសន៍គោលនយោបាយពីសហគមន៍ធុរកិច្ច ដើម្បីដាក់ជូនមេដឹកនាំរាល់ខឿនសេដ្ឋកិច្ច APEC នៅសប្តាហ៍ជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥ នៅប្រទេសកូរ៉េខាងត្បូង។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម មានអនុសាសន៍ក្នុងសម័យប្រជុំ ABAC III

មានប្រសាសន៍ក្នុងពិធីបើក លោក Luong Cuong ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣៦ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ APEC បានបង្ហាញឱ្យឃើញច្បាស់ពីតួនាទីរបស់ខ្លួនជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេនៃតំបន់ ជាក្បាលម៉ាស៊ីនជំរុញកំណើន និងការធ្វើសមាហរណកម្ម ធានាសន្តិភាព ស្ថិរភាព ការតភ្ជាប់ និងវិបុលភាពសម្រាប់តំបន់។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយយ៉ាងស៊ីជម្រៅ ជាមួយនឹងគុណសម្បត្តិ ការលំបាក និងបញ្ហាប្រឈមនៃលក្ខណៈសកល កិច្ចសហប្រតិបត្តិការពហុភាគី និងការសន្ទនាសាធារណៈ និងឯកជន កាន់តែមានសារៈសំខាន់ ហើយចាំបាច់ត្រូវលើកកំពស់ដល់កម្រិតថ្មីមួយ។

លោកប្រធានបានវាយតម្លៃថា ក្នុងនាមយន្តការតំណាងផ្លូវការរបស់សហគមន៍ធុរកិច្ចក្នុង APEC ដើរតួនាទីយ៉ាងសំខាន់ជាស្ពានរវាងផ្នែកឯកជន និងមេដឹកនាំសេដ្ឋកិច្ច APEC ABAC មិនត្រឹមតែផ្តួចផ្តើមឡើងគោលនយោបាយអំណោយផលសម្រាប់សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងចូលរួមដោយផ្ទាល់ក្នុងការបង្កើតដំណោះស្រាយជាក់ស្តែងដើម្បីពង្រឹងខ្សែសង្វាក់តម្លៃ ជំរុញការវិនិយោគ ទប់ស្កាត់លំហូរពាណិជ្ជកម្ម និងជំរុញការបង្កើតថ្មី។ ហើយជឿជាក់ថា គំនិតផ្តួចផ្តើមពី ABAC នឹងបន្តជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះការដែល ABAC បានជ្រើសរើសប្រធានបទពិភាក្សាសម្រាប់សម័យប្រជុំនេះ ដោយទាក់ទងនិងផ្នែកស្នូលដូចជា៖ ពាណិជ្ជកម្មសេរី និងការវិនិយោគប្រកបដោយនិរន្តរភាព ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត ហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា ទាំងនេះគឺជាអាទិភាពសំខាន់ៗរបស់វៀតណាមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥។

លោកប្រធានរដ្ឋបានអះអាងថា វៀតណាមកំពុងជំរុញការធ្វើកំណែទម្រង់ស្ថាប័នរឹងមាំ ធ្វើឲ្យប្រព័ន្ធច្បាប់ល្អឥតខ្ចោះ និងកសាងបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ប្រកួតប្រជែង និងមានស្ថិរភាព។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយទៅជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ មិនត្រឹមតែបណ្តាលមកពីទំហំទីផ្សាររបស់ខ្លួនដែលមានប្រជាជនជាង ១០០ លាននាក់ប៉ុណ្ណោះទេ ថែមទាំងដោយសារតែមានសមត្ថភាពរបស់ខ្លួនក្នុងការទាក់ទងទៅនឹងទីផ្សារដ៏ធំតាមរយៈបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា CPTPP, RCEP, EVFTA ជាដើម។ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការ APEC និងរួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួមដើម្បីសម្រេចបាននូវចក្ខុវិស័យ APEC 2040 នៃសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ជឿជាក់លើខ្លួនឯង និងសន្តិភាព ដើម្បីភាពរុងរឿងរបស់ប្រជាជនគ្រប់រូប និងមនុស្សជំនាន់ក្រោយ។

លោកប្រធានរដ្ឋបានអះអាងថា នាពេលខាងមុខ វៀតណាមនឹងបន្តជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការ APEC ក្នុងទិសដៅតម្កល់ប្រជាជនជាស្នូល តម្កល់ធុរកិច្ចអាជីវកម្មជាកម្លាំងចលករ និងការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅ ជាមួយគ្នានេះ លោកបានសន្យាថានឹងបន្តអមជាមួយ ABAC ក្នុងការកសាងអនុសាសន៍គោលនយោបាយជាក់ស្តែង ដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវការរំពឹងទុក និងតម្រូវការរបស់សហគមន៍ធុរកិច្ច៕

បកប្រែដោយ Minh Trung