អ្នកយកព័ត៌មាន៖ សូមលោកវាយតម្លៃទៅលើយន្តការជំនួបប្រាស្រ័យមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរ ចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលនេះ?

លោកវរសេនីយ៍ឯក Joel C Bonavente៖ នេះជាលើកទី ៨ ហើយ ដែលកម្មវិធីជួបប្រាស្រ័យមិត្តភាពត្រូវបានរៀបចំឡើងដោយកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំបានចូលរួមដោយផ្ទាល់ក្នុងនាមជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកហ្វីលីពីន។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈរបាយការណ៍ស្តីពីកម្មវិធីមុនៗ ខ្ញុំមានអារម្មណ៍ថា យន្តការលើកនេះបានក្លាយជាសកម្មភាពដ៏មានអត្ថន័យដែលជាឧទាហរណ៍មួយនៃសកម្មភាពការបរទេសលេចធ្លោ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីរួមគ្នាដោះស្រាយរាល់កង្វល់រួមលើសន្តិសុខដែនសមុទ្ររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Joel C Bonavente មេបញ្ជាការរងនៃកងទ័ពជើងទឹកភាគខាងលិចហ្វីលីពីន ប្រធានគណៈប្រតិភូកងទ័ពជើងទឹកហ្វីលីពីន ចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពលើកទី ៨ រវាងកងទ័ពជើងទឹកវៀតណាម និងហ្វីលីពីន

អ្នកយកព័ត៌មាន៖ តើកម្មវិធីលើកនេះបានបន្សល់ទុកអ្វីខ្លះដែរលោកវរសេនីយ៍ឯក?

លោកវរសេនីយ៍ឯក Joel C Bonavente៖ កម្មវិធីជួបប្រាស្រ័យឆ្នាំនេះបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់កងទ័ពជើងទឹកទាំងពីរក្នុងការធ្វើសកម្មភាពដែនសមុទ្រដោយសន្តិវិធី ដោយផ្អែកលើច្បាប់ តាមរយៈវិធានការកសាងទំនុកចិត្តយ៉ាងទូលំទូលាយ រួមទាំងការពិភាក្សាទូទៅអំពីវិធីទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មានសន្តិសុខដែនសមុទ្រ ក៏ដូចជាវិធានការទប់ស្កាត់ហេតុការណ៍កើតឡើងនៅសមុទ្រ។ ទន្ទឹមនឹងនោះ កម្មវិធីឆ្នាំនេះ ក៏រួមចំណែកក្នុងការលើកកម្ពស់តួនាទីនៃយន្តការនេះ ដូចជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពការបរទេសរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្ដេចសម្រាប់សកម្មភាពរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងកម្មវិធីជួបប្រាស្រ័យលើកនេះ?

លោកវរសេនីយ៍ឯក Joel C Bonavente៖ ការដែលកងទ័ពជើងទឹកប្រទេសទាំងពីរជួបជុំគ្នាមិនត្រឹមតែក្នុងនាមជាកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូដើម្បីសន្តិភាព ហើយបានបន្យល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អនូវការគោរពគ្នាទៅវិញទៅមក និងសាមគ្គីភាពក្នុងតំបន់។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីលើកនេះគឺចំណងមិត្តភាពដ៏ស្មោះស្ម័គ្ររវាងនាយទាហាននិងនាវិកនៃកងទ័ពជើងទឹកប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ តើលោកមានចំណាប់អារម្មណ៍អ្វីខ្លះអំពីកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងកម្មវិធីលើកនេះ?

លោកវរសេនីយ៍ឯក Joel C Bonavente៖ កងទ័ពជើងទឹកប្រជាជនវៀតណាមបានបង្ហាញពីវិជ្ជាជីវៈ ភាពស្មោះត្រង់នៅពេលចូលរួមកម្មវិធីជួបប្រាស្រ័យដែលរៀបចំដោយកងទ័ពជើងទឹកហ្វីលីពីន។ នាយទាហាន និងនាវិកនៃកងទ័ពជើងទឹកប្រជាជនវៀតណាមមិនត្រឹមតែបង្ហាញនូវការគោរពវិន័យខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅចំពោះសាមគ្គីភាពក្នុងតំបន់ និងសកម្មភាពការបរទេសរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរទៀតដែរ។ ក្នុងសកម្មភាពនិមួយៗ កងទ័ពជើងទឹកប្រជាជនវៀតណាមតែងតែបង្ហាញនូវស្មារតីសុច្ឆន្ទៈពិតប្រាកដ ដោយមានបំណងចង់រៀនសូត្រ សហប្រតិបត្ដិការនិងកសាងទំនុកចិត្ត។ ការចូលរួមយ៉ាងសកម្ម និងស្មោះស្ម័គ្ររបស់កងទ័ពជើងទឹកប្រជាជនវៀតណាមបានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពលើកនេះ ហើយបន្តបង្ហាញឲ្យឃើញនូវយន្តការជួបប្រាស្រ័យមិត្ដភាពដូចជាគំរូល្អសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ពីការគោរពគ្នាទៅវិញទៅមកគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងនៅសមុទ្រ។

leftcenterrightdel
នាយទាហាន និងនាវិកនៃប្រទេសទាំងពីរចូលរួមប្រកួតបាល់ទាត់មិត្តភាពក្នុងក្របខណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពលើកទី៨

អ្នកយកព័ត៌មាន៖ បើតាមលោក តើយន្តការនេះគួរតែបន្តរក្សា និងអភិវឌ្ឍយ៉ាងណាក្នុងពេលខាងមុខ?

លោកវរសេនីយ៍ឯក Joel C Bonavente៖ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យន្តការនេះនឹងបន្តត្រូវបានពង្រឹង ប្រសិនបើកងទ័ពជើងទឹកនៃប្រទេសទាំងពីរពិចារណាលើសកម្មភាពមួយចំនួនបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដូចជាការបញ្ជូននាវាទៅទស្សនាកំពង់ផែយោធារបស់គ្នាទៅវិញទៅមក ឬ ការសន្ទនារវាងនាវាក្នុងកម្មវិធីជួបប្រាស្រ័យបន្ទាប់។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងការតភ្ជាប់រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា យន្តការជួបប្រាស្រ័យមិត្តភាពរវាងកងទ័ពជើងទឹកហ្វីលីពីន និងកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងអភិវឌ្ឍពីប្រពៃណីមួយដែលមានលក្ខណៈនិមិត្តរូប ហើយក្លាយទៅជាសកម្មភាពសហប្រតិបត្តិការយុទ្ធសាស្ត្រ និងជាក់ស្តែងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពយូរអង្វែងនៃយន្តការនេះ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកវរសេនីយ៍ឯក!

បកប្រែដោយ Pham Diep