សាងសង់សំណង់រំលឹកវិញ្ញាណក្ខន្ធយោធិនអន្ដរជាតិនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម
កប.អនឡាញ - នាថ្ងៃទី៩ ខែកក្កដា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយស្ថាប័ន និងអង្គភាពនានាដើម្បីដាក់ពង្រាយការសាងសង់ស្ដូបរំលឹកគុណបំណាច់យុទ្ធជនមកពីបណ្តាប្រទេសដែលជួយគាំទ្រវៀតណាម ក្នុងសម័យសង្គ្រាមនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។
នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្តាប់ថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពនានារាយការណ៍អំពីលទ្ធផលនៃការដាក់ពង្រាយសាងសង់តំបន់និមិត្តរូប សំដៅកត់សម្គាល់ការជួយគាំទ្ររបស់បណ្ដាប្រទេសក្នុងសម័យសង្គ្រាមនៅវៀតណាម។ នេះគឺជាសំណង់ដ៏សំខាន់ក្នុងគោលបំណងរំលឹកគុណបំណាច់យុទ្ធជន អ្នកជំនាញនៃបណ្ដាប្រទេសដែលចូលរួមជួយវៀតណាមក្នុងសង្គ្រាមតស៊ូរំដោះជាតិ។ សំណង់នេះនឹងត្រូវបានសាងសង់លើផ្ទៃដី ៣,០០០ ម៉ែត្រការ៉េ ក្នុងបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចប្រជុំ |
សំណង់រំលឹកវិញ្ញាណក្ខន្ធរួមមាន៖ និមិត្តរូបរួមនៃការជួយគាំទ្រ និងការពលីកម្មរបស់អ្នកជំនាញយោធានៃបណ្ដាប្រទេសដែលធ្វើពីលង្ហិន, រូបសំណាកដែលតបស្នងសងគុណចំពោះអ្នកជំនាញយោធានៃបណ្ដាប្រទេសដូចជា សហភាពសូវៀត (រុស្ស៊ី) ចិន ឡាវ កម្ពុជា គុយបា ដែលធ្វើពីលង្ហិន, ចម្លាក់លៀនដែលធ្វើពីថ្មពណ៌បៃតង ហើយជុំវិញបណ្ដុំសំណង់បានដាំដើមឈើ និងវាលស្មៅ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកត់សម្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពនានា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពន្លឿនដំណើរការសាងសង់សំណង់រូបសំណាកឲ្យបានបញ្ចប់មុនថ្ងៃទី១៥ ខែសីហា។ ទន្ទឹមនឹងនោះ ទីតាំងច្រកចូលនិងបរិវេណកណ្តាល (ទំហំប្រហែល ១,០០០ ម៉ែត្រការេ) ដែលជាកន្លែងដាក់តាំងរូបសំណាកនេះ ក៏ត្រូវបញ្ចប់មុនថ្ងៃទី១០ ខែសីហា ផងដែរ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យនាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសបន្តទំនាក់ទំនង ពិភាក្សា ដើម្បីជំរុញឲ្យបណ្ដាប្រទេសផ្តល់មតិយោបល់លើគំរូរូបសំណាកនេះឱ្យបានឆាប់ ដើម្បីអនុវត្តការងារបន្ដបន្ទាប់៕
បកប្រែដោយ Pham Diep